ភ្នំពេញ ៖ លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងលោកស្រី នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលី សាងសង់ទីលាន វាយសីក្រសួងមហាផ្ទៃ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅអង្គភាព អង្គរក្ស ក្រោយព្រះបរមរាជវាំង ។
លោកបណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ទីលានវាយសី របស់ក្រសួងមហាផ្ទៃមួយនេះ ជាទីលានស្តង់ដារអន្តរជាតិមួយ ដែលអាចរៀបចំការ ប្រកួតអន្តរជាតិ នានាបានទៅថ្ងៃមុខ ។ ពិសេសជាងនេះទៀត ក៏ជាទីលានមួយ ដែលមានស្តង់ដារលំដាប់កំពូលផងដែរ បើធៀបនឹងទីលាន វាយសីទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ទៅថ្ងៃមុខក្រសួងមហាផ្ទៃ នឹងអញ្ជើញបណ្តា ប្រទេសនៅតំបន់អាស៊ាន មកចូលរួមប្រកួតប្រជែងលក្ខណៈមិត្តភាពអន្តរជាតិនានា នៅពេល ដែលទីលានមួយនេះ សាងសង់រួចរាល់ ។
លោកកបន្តថា ទីលានវាយសី ក្រសួងមហាផ្ទៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានទីតាំងក្នុងបរិវេណ អង្គភាព អង្គរក្ស ក្រោយព្រះបរមរាជវាំង។ ទីលាននេះមានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៤១ម៉ែត្រ ។ គម្រោងចំណាយថវិកា សាងសង់ប្រមាណជាង ៣សែនដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដំណើរសាសងសង់ទីលាននេះ ត្រូវបានសម្របសម្រួលផ្តល់ទីតាំងដោយលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោមការសហប្រតិបត្តិការ សាងសង់ដោយលោក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួង មហាផ្ទៃ និងលោក យឹម លាង អគ្គស្នងការរង នគរបាលជាតិកម្ពុជា ។ ទីលាននេះគ្រោងនឹងបញ្ចប់ការសាងសង់ ទាំងស្រុងនៅអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះផងដែរ៕