កីឡា

ក្រសួងមហាផ្ទៃ ដណ្តើមេដាយមាស ច្រើនជាងគេ ក្នុងការប្រកួតកីឡា វូស៊ូ ជើងឯកថ្នាក់ជាតិ ២០២៣

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាវូស៊ូក្រសួងមហាផ្ទៃ ដណ្តើមេដាយមាសច្រើនជាងគេ ក្នុងព្រឹតិ្តការណ៍ការប្រកួត កីឡាវូស៊ូ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធកីឡាវូស៊ីកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមកីឡាករ-កីឡាការិនី មកពីក្លិប និងសមាគមកីឡា វូស៊ូ ចំនួន ២០ចូលរួម ។

ក្នុងឱកាស ពិធីប្រគល់ ជយលាភី ដល់ក្រុមក្រុមកីឡាករ-កីឡាការិនី ដែលជាម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធដោយមានការអញ្ជើញ ចូលរួមពី សំណាក់លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈ មណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា និងលោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធកីឡា វូស៊ីកម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលដំបូកទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បាននិយាយថា ការប្រកួតជើងឯកឆ្នាំនេះក្រុមកីឡាករ-កីឡាការិនីមកពីក្លិប និងសមាគមកីឡាវូស៊ីចំនួន ២០ ចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនីទាំងអស់ ចូលរួមប្រកួតចំនួន១២០ នាក់ លើវិញ្ញាសាប្រកួតចំនួន ២០ រួមមាន ថាវលូ ( Taolu ) សម្ដែង ១៣ វិញ្ញាសា និង សាន់ដា ( Sanda ) ប្រយុទ្ធ៧ប្រភេទទម្ងន់បុរស ៤ ទម្ងន់ និងនារី ៣ ប្រភេទទម្ងន់ ។

ការប្រកួតកីឡាវស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ អនុវត្តន៍តាម កិច្ចព្រមព្រៀងអនុវត្ដន៍ថវិកាទ្រទ្រង់សហព័ន្ធកីឡាវស៊ូកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០២៣ ជាមួយសហព័ន្ធ ។ ជាទីបញ្ចប់ក្នុងនាមសហព័ន្ធកីឡាវស៊ូកម្ពុជា សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែគិតគូរដល់ការអភិវឌ្ឍន៍ ប្រភេទកីឡាវ៉ូស៊ូគ្រប់ពេល ។

លោក ផាត់ បញ្ញាសុជាតក៍ បានមានប្រសាសន៍ថា ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ ដើម្បីវាស់អំពីកម្រិតសមត្ថភាព របស់កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស របស់សហព័ន្ធកីឡាវស៊ូកម្ពុជា ដើម្បីឆ្ពោះ ទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃខាងមុខនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top