កីឡា

សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា បង្ហាញវត្តមាន ក្រុមអត្តពលិក ចូលរួមការ ប្រកួតកីឡា SEA GAMES 2021 នៅវៀតណាម

ភ្នំពេញ ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បង្ហាញវត្តមានកីឡាករ-កីឡាការិនី ជាក្រុមជម្រើសជាតិ ២០២១ និង ជាក្រុមអត្តពលិក ចំនួន១៦រូប ដែលត្រូវចូល រួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នាខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងត្រៀម ចូលហ្វឹកហាត់ក្រុមជម្រើសជាតិ ពង្រឹងសមត្ថភាពបន្ថែមទៀត ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា នេះជាបញ្ជីឈ្មោះក្រុមជម្រើសជាតិ និងជាក្រុមត្រូវចេញ ចូលរួមការប្រកួត SEA Games ឆ្នាំ២០២១ មាន១៤នាក់ និង២នាក់ទៀត ហាត់នៅសៀមរាប រួមមានបុរសចំនួន ៩នាក់ដូចជាកីឡាករ កាំង ធឿន កីឡាករនាង ពេជ្រពិសិដ្ឋ កីឡាករថៃ ធុច កីឡាករ អ៊ួង លីម៉េង កីឡាករ មាស តាន កីឡាករ ផុន សៀងហៃ កីឡាករ ណាង ណៃ កីឡាករ ចេង សុវណ្ណបញ្ញាសិទ្ធ និងកីឡាករ ទូច លុច ។

លោកបានបន្តថា ចំណែកនារីមានចំនួន៥នាក់ កីឡាការិនី ហ៊ោ ធីតា កីឡាការិនី អ៊ួន ច័ន្ទភត្ត្រា កីឡាការិនី ថន សុម៉ាវត្តី កីឡាការិនី ផល ស្រីភួង និងកីឡាការិនី ទូច រក្សា ចំពោះកីឡាករចំនួន២នាក់ ទៅហ្វឹកហាត់នៅសៀមរាប កីឡាករ សុខ សំណាង និងកីឡាករ កែវ សុវណ្ណដារ៉ា ព្រមទំាងក្រុមម្រុង ចំនួន ១០នាក់ ។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថា ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម នៅមាន៤វិញ្ញាសាគឺ វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារ អន្តរជាតិ ចំនួន២វិញ្ញាសាបុរស-នារី ហែលទឹក១៥០០ម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ រីឯវិញ្ញសាឌូអាត្លុងបុរស-នារី រត់១០គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ ។

ដោយឡែកកីឡាករ នាង ពេជ្រពិសិដ្ឋ កីឡាករ ថៃ ធុច កីឡាករ អ៊ួង លីម៉េង កីឡាករ ណាង ណៃ កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ កីឡាករ ទូច ឡុច កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ថន សុម៉ាវត្តី និងកីឡាការិនី ផល ស្រីភួង ប្រកួតលើកវិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិ។ កីឡាករ កាង ធឿន កីឡាករ មាស តាន កីឡាការិនី អ៊ួន ច័ន្ទភក្ត្រា និង កីឡាការិនី ទូច រក្សាប្រកួតលើកវិញ្ញាសាឌូអាត្លុង ៕

Most Popular

To Top