កីឡា

Ronaldo ​នឹង​ចេញ​ពី Juventus ​ភ្លាម ​ឱ្យ​តែ Real Madrid ​ហៅ​

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​ចាកចេញ​ពី Juventus ​ភ្លាម​តែ​ម្ដង ប្រសិន​បើ​ទទួល​ការ​ហៅ​ពី​ក្លឹប Real Madrid ​។

​បន្ទាប់​ពី​បរាជ័យ​នៅ Champions League ​ហើយ​ក្នុង​លីគ​កាន់​តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ទៀត​នោះ ​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្លឹប Juventus ​ទំនង​ជា​មិន​អាច​រក្សា Ronaldo ​ទៀត​ទេ ព្រោះ​រូបគេ​មក​ប៉ុន្មាន​រដូវ​កាល​មក​នេះ ​មិន​ទាន់​សម្រេច​គោលដៅ​ក្លឹប​ឡើយ។ ខណៈ​ដែល​វិបត្តិ​កូវីដ​១៩​បន្ដ ​ធ្វើ​ឱ្យ​ហិរញ្ញវត្ថុ​ក្លឹប​កាន់​តែ​ដុនដាប ​ហើយ​តម្លៃ​ពលកម្ម​របស់​កីឡាករ​វ័យ​៣៦​ឆ្នាំ​នេះ​ទៀត​គឺ​ខ្ពស់​ខ្លាំង ជាង​២០​លាន​ផោន​ក្នុង​១​ឆ្នាំ​ឯ​ណោះ។

​ប្រភព​ជា​ច្រើន​បាន​អះអាង​ថា​ចប់​រដូវ​កាល​នេះ Ronaldo ​នឹង​ដើរ​ចេញ​ពី Juventus ហើយ។ ​ដោយ​ក្លឹប​ដែល​ទំនង​ជាង​គេ​នោះ​គឺ Real Madrid ​តែ​ម្ដង។ សមាជិក​នៅ​ក្លឹប​អធិរាជ​ស​ទាំង​អស់​សុទ្ធ​តែ​នឹក​រលឹក​ដល់​រូបគេ។ Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម បាន​និយាយ​ថា​វា​នៅ​តែ​អាច​ទៅ​រួច​ដែល​វីរបុរស​ក្លឹប Real Madrid ​ត្រលប់​មក​វិញ​បាន។ ដែល​នេះ​បញ្ជាក់​ថា Ronaldo ​នឹង​មិន​ស្ទាក់​ស្ទើរ​ឡើយ ​ក្នុង​ការ​ត្រលប់​ទៅ​កន្លែង​ដែល​ខ្លួន​ឈ្នះ​គ្រប់​យ៉ាង​ហើយ​នោះ ​ប្រសិន​បើ​មាន​ការ​ហៅ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រុម Real Madrid ​មែន៕

Most Popular

To Top