អតីតជម្រើសជាតិ ព័រទុយហ្គាល់លោក Fernando Meira បាននិយាយថា Cristiano Ronaldo បានសាងគំរូអាក្រក់ និងឥរិយាបទ មិនអាចទទួលយកបានទេ ក្នុងការប្រកួតទល់ នឹងក្រុមស៊ែប៊ី ។
Ronaldo ពានដោះស្លាកប្រធានក្រុមចេញពីដៃ គប់ចោលទៅលើស្មៅ និងដើរចេញពីទីលាន ក្នុងការប្រកួត ដែលអាជ្ញាកណ្ដាល មិនឲ្យគ្រាប់បាល់ចុងម៉ោង ។ Ronaldo វ័យ៣៦ឆ្នាំ បានខឹងលោកអាជ្ញាកណ្ដាល Danny Makkelie និងក្រុមអាជ្ញាកណ្ដាលផ្សេងទៀត ដែលសម្រេចចិត្ត មិនឲ្យបាល់ចូល។
ក្នុងការប្រកួត Ronaldo មានឱកាសទាត់នៅចុងម៉ោង ហើយបាល់បានផុតខ្សែទីទៅហើយ មុនពេលកីឡាករ Stefan Mitrovic របស់ស៊ែប៊ីទាត់ចេញមកក្រៅវិញ។ តែដោយសារតែគ្មានបច្ចេកវិទ្យា Goal-Line គ្រាប់បាល់នោះ ត្រូវបានបដិសេធ ។ បញ្ចប់ការប្រកួត ក្រុមទាំងពីរស្មើគ្នា ២-២។
យ៉ាងណាមិញសម្រាប់ កាយវិការរបស់ Ronaldo ត្រូវបានលោក Fernando ថាមិនអាចទទួលយកបាន ។ Fernando បាននិយាយថា៖ “ច្បាស់ណាស់បាល់នោះគឺចូល ប៉ុន្តែ Ronaldo មិនអាចដោះស្លាកប្រធានក្រុមគប់ចោលអ៊ីចឹងទេ ។ ការប្រតិកម្មរបស់ Cristiano គឺធម្មជាតិ ប៉ុន្តែវាមិនអាចទទួលយកបាន ក្នុងនាមជាប្រធានក្រុមជម្រើសជាតិ ។ គេដើរចេញពីទីលាន ទាំងការប្រកួតមិនទាន់ចប់ នេះជាឥរិយាបទ មិនអាចទទួលយកបាន៕