ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធាន សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបើក កិច្ចប្រជុំសមាជិក ប្រតិបតិ្តដោយមានការចូលរួមពីសំណាក់លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ជ្រើសរើសគ្រូបង្វឹក និងកីឡាករបញ្ជូន ចូលរួមព្រឹត្តឹការណ៍ការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន តាមប្រព័ន្ធអនឡាញ ZOOM ។
លោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ តាមប្រព័ន្ធអនឡាញ ក្រោយពីប្រជុំចប់ថា កិច្ចប្រជុំសមាជិក ប្រតិបតិ្តសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ដោយមានការចូលរួមពី សំណាក់លោក សំហេង បុរស បានសម្រេចចិត្តជ្រើសរើសយកលោកគ្រូបង្វឹក ពុធ បូរាត្រី និងកីឡាករឆ្នើមរបស់សហព័ន្ធ គឺ កីឡាករអត្តពលកម្ម ប៉ែន សុគង់ ឲ្យចូលរួមព្រឹត្តឹការណ៍ ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រព្រឹត្តិពិធីបើកជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
លោកបានបន្តថា សម្រាប់ការជ្រើសរើស គ្រូបង្វឹក និងកីឡាករខាងលើនេះ សមាជិកប្រតិបតិ្ត សហព័ន្ធធ្វើការ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង មិនចេះតែចាប់ដាក់ឡើយ សុទ្ធសឹងមានការសម្រេច ពីថ្នាក់ដឹកនាំសហព័ន្ធ និងគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ។ ចំពោះកីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់១០០ម៉ែត្រ ដោយសារការប្រកួតកីឡា អូឡាំពិកឲ្យប្រកួត តែមួយវិញ្ញាសាប៉ុណ្ណោះ ៕