កីឡា

ចំ​ពេល Spurs កំពុង​ធ្លាក់​ជើង Pogba ទម្លាយ​ថា Mourinho ចូលចិត្ត​ប្រឆាំង​កីឡាករ​ខ្លួន​ឯង

ខ្សែ​បម្រើ​បារាំង​កីឡាករ Paul Pogba បាន​និយាយ​ប្រាប់​សារព័ត៌មាន​អង់គ្លេស​ Sky Sports កាល​ពី​ពេល​ថ្មី​នេះ​ថា អតីត​អ្នក​ចាត់​ការ​ក្លឹប Manchester United និង​ជា​អ្នក​ដឹកនាំ​ក្លឹប Tottenham Hotspur បច្ចុប្បន្ន​គឺ លោក Jose Mourinho ចូលចិត្ត​តែ​ប្រឆាំង​នឹង​កីឡាករ​របស់​ខ្លួន​ឯង។

ពេល​គេ​សួរ​ពី​ភាព​ខុស​គ្នា​រវាង​គ្រូ Man Utd ឥលូវ​គឺ លោក Ole Gunnar Solskjaer និង​លោក Mourinho កីឡាករ Pogba បាន​លើកឡើង​ថា៖ ” ជាមួយ Ole គឺ​ខុស​គ្នា។ ខុស​គ្នា​ត្រង់​ថា Ole អត់​ប្រឆាំង​នឹង​កីឡាករ​ទេ។ ពេល​ខ្លះ​ Ole អត់​រើស​កីឡាករ​ឲ្យ​លេង​មែន តែ​មិនមែន​ដូច​ Mourinho ដែល​ផ្អឹប​កីឡាករ​មិន​ឲ្យ​លេង​តែ​ម្ដង​នោះ​ទេ ” ។

Pogba បាន​បន្ត​ថា៖ ” ពេល​ខ្លះ​ Mourinho មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ខ្ញុំ​ណាស់ តែ​ស្អែក​ឡើង​យើង​អត់​ដឹង​ថា​វា​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ។ នេះ​ជា​រឿង​ចម្លែក​ណាស់​រវាង​ខ្ញុំ និង Mourinho ដែល​មិន​អាច​ពន្យល់​បាន ព្រោះ​អី​សូម្បី​តែ​ខ្ញុំ​ក៏​អត់​ដឹង​ថា​គាត់​មាន​បញ្ហា​អី​ជាមួយ​ខ្ញុំ​ដែរ ” ។

Spurs ពេល​នេះ​កំពុង​តែ​ជាប់​លេខ ៧នៅ​តារាង Premier League ខណៈ​ក្នុង​មួយ​ខែ​មេសា​នេះ ក្លឹប​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះ មិន​ទាន់​ស្គាល់​នូវ​ភាព​ជ័យជម្នះ​មួយ​ប្រកួត​សោះ​ឡើយ៕

ប្រភព៖ Sabay

Most Popular

To Top