ខ្សែប្រយុទ្ធ Cristiano Ronaldo បានអះអាងថាគោលដៅរបស់គេនៅក្លឹប Juventus បានសម្រេចអស់ទៅហើយ នៅត្រឹមរដូវកាលនេះ ដូច្នេះរដូវកាលក្រោយទំនងជាមិនបន្ដលេងនៅអ៊ីតាលីទៀតទេ។
Ronaldo ដែលនៅសល់កុងត្រាដល់ឆ្នាំ២០២២នោះ ហាក់ដូចជាបានបង្ហាញពីភាពចង់ចាកចេញទៅហើយ។ រូបគេមិនបានលេងប្រកួតចុងក្រោយបិទរដូវកាលទេ ហើយក៏បានដឹកបញ្ជូនឡានទំនើបៗរបស់ខ្លួនចេញពីទឹកដីអ៊ីតាលីទៅហើយដែរ។ ការណ៍នេះ បានធ្វើឱ្យមានការសង្ស័យថា អតីតកីឡាករ Real Madrid រូបនេះទំនងជាចង់ចាកចេញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះហើយ។
កីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A រដូវកាលនេះ បានសរសេរក្នុងបណ្ដាញសង្គមថា៖ “ជីវិត និងអាជីពរបស់កីឡាករបាល់ទាត់កំពូលៗ តែងតែមានឡើងមានចុះ។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានជួបក្រុមល្អៗជាច្រើន យើងតែងតែផ្ដល់គ្រប់យ៉ាងដល់ក្លឹប និងលេងដល់កម្រិតកំពូល។ នៅទីនេះ ខ្ញុំបានឈានដល់គោលដៅដែលខ្ញុំបានកំណត់ទុកហើយតាំងពីថ្ងៃដំបូងដែលខ្ញុំបានមក”៕
ប្រភព៖sabay