សារព័ត៌មាន Dailymail របស់អង់គ្លេសថ្មីៗនេះបានចុះផ្សាយថា Man Utd ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Jadon Sancho ជាង Harry Kane របស់ Spurs នារដូវក្ដៅនេះ ហើយរក្សាទុក Cavani រហូត Erling Haaland ចេញពី Borussia Dortmund។
ខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំ Sancho បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យ Dortmund និងជួយពួកគេឈ្នះ German Cup និងលេងវគ្គជម្រុះ Champions League ដោយរកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតចុងក្រោយនេះ។
លោក Ole Gunnar Solskjaer បានប្រាប់ទៅម្ចាស់ក្លឹបពីជម្រើសខ្សែប្រយុទ្ធថា Sancho, Cavani, Mason Greenwood, Marcus Rashford និង Anthony Martial នឹងធ្វើឱ្យ United អាចប្រកួតប្រជែងដណ្ដើមពានសំខាន់ៗជាមួយ Manchester City, Liverpool និង Chelsea បាននៅរដូវកាលក្រោយ។
ចំណែក Kane វិញទោះបីគេច្បាស់ថានឹងចេញ ដើម្បីឈ្នះពានយ៉ាងណាក៏ដោយគេនៅសល់កុងត្រា៣ឆ្នាំទៀតជាមួយក្រុមមាន់ខ្នាយមាស រីឯក្រុមបិសាចក្រហមអាចនឹងពិបាកក្នុងការចចារយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ស្របពេល Man City ក៏ចង់បានគេដែរ ហើយណាមួយ Man Utd ក៏មិនបានចាត់ទុក Kane ជាកីឡាករអទិភាពជាង Sancho ដែរ។
ចំណែក Cavani នឹងត្រូវបាន United រក្សាទុករហូតពួកគេយកបានខ្សែប្រយុទ្ធវ័យក្មេង Haaland ពី Dortmund ប៉ុន្តែត្រូវរងចាំរយៈពេល១២ខែទៀត។ Haaland ធ្លាប់គូសបង្ហាញថាគេនឹងបន្តនៅអាល្លឺម៉ង់មួយរដូវកាលទៀត ល្គឹកណាតម្លៃខ្លួនផ្ដាច់កុងត្រារបស់គេបាន ៦៥លានផោន (ទាបជាងទីផ្សាររបស់គេ)។
ទាក់ទងការចង់បាន Haaland ក្រុមរបស់លោក Solskjaer អាចនឹងពិបាកក្នុងការប្រជែងយក ដ្បិតក្រុមស្ដេច-ស Real Madrid ក៏ចង់បានកីឡាករវ័យ២០ឆ្នាំដែរ។ យ៉ងណាដោយមានទំនាក់ទំនងល្អជាមួយគ្រួសារ Haaland គ្រូបង្វឹករូបនេះជឿជាក់នឹងយកបានរូបគេនៅរដូវកាលក្រោយ។ បើយកបានមែននោះ កីឡាករសញ្ជាតិន័រវែសនឹងក្លាយជាម្ចាស់អាវលេខ៩រយៈពេលយូររបស់ Man Utd៕
ប្រភព៖ sabay