លោក Dana White ប្រធានក្របខ័ណ្ឌប្រកួតប្រដាល់សេរី UFC បានប្រាប់គេហទំព័រ UFC Arabia ថា ប្រកួតរវាងតារា Youtube លោក Logan Paul និងកីឡាករប្រដាល់សកល ចាស់វស្សា លោក Floyd Mayweather មិនមែនជាប្រកួតប្រដាល់នោះទេ ហើយចាត់ទុកថា អ្នកដែលចាយលុយ ៥០ដុល្លារអាមេរិក លើប្រកួតរបស់អ្នកទាំងពីរជា “មនុស្សល្ងង់”។
លោកបានលើកឡើងថា៖ ” ប្រកួតនេះ [រវាង Logan និង Floyd] មិនមែនជាប្រកួតប្រដាល់ទេ។ ដូចខ្ញុំនិយាយអញ្ចឹង ប្រកួតស៊េរីអញ្ចឹងៗនៅតែមានទីផ្សារ ហើយមានអ្នកសុខចិត្ត ចំណាយលុយ ៥០ដុល្លារ ដើម្បីមើលរបស់អញ្ចឹងៗ ” ។
លោកបានបន្តថា៖ ” ខ្ញុំមិនចង់និយាយអាក្រក់ពីគេទេ។ បើមានមនុស្សប្រភេទហ្នឹង ចេញមកវាយគ្នាហើយ និងឲ្យអ្នកឯងបង់លុយ ៥០ដុល្លារដើម្បីមើល ពួកអស់ហ្នឹង សមនឹងយកលុយអ្នកឯងហើយ។ អ្នកឯងល្ងង់ ” ។
ប្រកួតរវាង Logan និង Floyd បានបញ្ចប់ទៅដោយមិនមានអ្នកឈ្នះ អ្នកចាញ់ ហើយម្នាក់ៗចេញទៅវិញ បាន ២៦លានដុល្លាររៀងៗខ្លួន បើតាមការចុះផ្សាយរបស់ Daily Mail។ អ្នកដែលមានបំណងមើលផ្ទាល់ តាមការផ្សាយបន្តផ្ទាល់ របស់គេហទំព័រផ្សាយផ្ទាល់ ប្រកួតប្រដាល់ Fanmio ត្រូវបង់លុយ ៥០ដុល្លារ៕ ប្រភព៖ សប្បាយ