ឈានចូលមកដល់សប្តាហ៍នេះ ទៅហើយកីឡាករម្ចាស់ ពានរង្វាន់ពិភពលោក Paul Pogba ដែលឈានមកដល់កុងត្រា ដែលនៅសល់សុពលភាព រយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ ជាមួយនឹង ក្លឹបបិសាចក្រហម Man UTD ប៉ុន្តែកិច្ចពិភាក្សាគ្នា រវាងក្លឹបនិងកីឡាករ ហាក់ដូចជាមិនទាន់ទទួលបាន លទ្ធផលផ្លែផ្កាអ្វីនៅឡើយ ។
ឆ្លើយតបទៅនឹងសំណួរ របស់អ្នកកាសែតជុំវិញ បញ្ហារបស់ Pogba កីឡាករខ្សែការពារ Presnel Kimpembe ដែលកំពុងលេងឲ្យក្លឹប PSG នោះបានបញ្ជាក់ថាគាត់ គឺជាកីឡាករឆ្នើម ដែលក្លឹបណាក៏ពិតជានឹងស្វាគមន៍ វត្តមានរបស់គាត់ជាមិនខាន ប៉ុន្តែបញ្ជាក់ថាទោះបីជាយ៉ាងណាក្តី លោកមិនមែនជាអ្នក ដែលចូលរួមពិភាក្សាលើ កិច្ចការងារនេះឡើយ ដូចនេះទុកការសម្រេច ចិត្តទៅឲ្យភ្នាក់ងារ របស់កីឡាករនិងក្លឹបប៉ុណ្ណោះ ទៅបានហើយ ។
កីឡាករ Pogba វ័យ២៨ឆ្នាំដែលមិនទាន់ បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នោះត្រូវបានព័ត៌មាន ជាច្រើនបានចេញផ្សាយថា នឹងអាចចាកចេញពីក្លឹបអង់គ្លេសនេះ ទៅចូលរួមក្លឹបនៅស្រុកកំណើតវិញ ឬអាចជាមួយនឹងក្លឹបយក្ស អេស្បាញ Real Madrid ផងដែរដែលជាអ្នកបានតាមកីឡាកររូបនេះ ជាច្រើនរដូវកាលមកហើយ ៕
ប្រែសម្រួល៖ស៊ុនលី