កីឡាការិនីស្នូកឃ័រ ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានគ្រងតំណែងជើងឯក លើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ (ការ៉ុម) ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនី ម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១ សិតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានប្រាក់រង្វាន់ ជាង១ម៉ឺនដុល្លារ ។
តាមការបញ្ជាក់ របស់ ស្រួង ភាវី ការប្រកួតនេះបានធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ នេះជាលើកដំបូង ហើយ ដែលលោកស្រី បានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រី បានចុះកុងត្រាប្រកួតតំណាង ក្រុមហ៊ុន Blue One Resort រយៈពេល១ឆ្នាំ ។
ការប្រកួតនេះ មានកីឡាការិនី ចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក ។ ទម្រាំអាចបង្កើត កំណត់ត្រាថ្មីលើទឹកដីកូរ៉េ លោកស្រីបានឆ្លងកាត់ការ ប្រកួតជាច្រើន វគ្គ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះកីឡាការិនី មានបទពិសោធយូរឆ្នាំ Kim Gayoung ហើយក្នុងការ ប្រកួតដណ្ដើមជើងឯក គឺកាន់តែស្វិតស្វាញថែមទៀត ដោយកីឡាការិនីកូរ៉េរូបនេះ បានបើកការនាំមុខ ១១-៧ពិន្ទុមុន នៅសិតទី១ ។ បន្ទាប់មកទើបកីឡាការិនី ស្រួង ភាវី វាយបកយកឈ្នះវិញ ៣សិតជាប់គ្នា ក្នុងពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship ។
លោកស្រី ស្រួង ភាវី បន្ដថា ការប្រកួតនេះពិតជាមានភាពតានតឹង និងការប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួតផ្សេងៗ នៅកូរ៉េ ដ្បិតកីឡាការិនីចូលរួម ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងសុទ្ធតែជាជើងខ្លាំង ទាំងកីឡាការិនីក្នុងស្រុក និងក្រៅស្រុក ដោយក្រុមហ៊ុន ដែលបានចុះឈ្មោះចូលរួម ។ ដូច្នេះលោកស្រីពិតជាមានមោទនភាព និងបានចាត់ទុកសមិទ្ធផល ដែលកើតចេញពីការ ខិតខំប្រឹងប្រែងមួយនេះ គឺជាកាដូថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា រួមទាំងអ្នកគាំទ្រ របស់លោកស្រី នៅប្រទេសកូរ៉េផងដែរ ។
ជាមួយការដណ្ដើម បានជើងឯកនេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ ។ លើសពីនេះ ប្រជាជនកូរ៉េជាច្រើន បានសម្ដែងការ គោរពស្រលាញ់ ហើយចាត់ទុក ភាវី គឺជា “នារីខ្លាំង” ម្នាក់ទៀតផង បន្ទាប់ពីនាងធ្លាប់ដណ្ដើម បានជើងឯកថ្នាក់ជាតិ ជាច្រើនសម័យ នៅសាធារណរដ្ឋកូរ៉េ មុនដណ្ដើមបានជើងឯក ពានរង្វាន់ Blue One Resort LPBA Championship លើប្រភេទកីឡាដ៏ពេញ និយមនៅកូរ៉េមួយនេះ ៕