ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាការធិការជាតិ អូឡាំពិកកម្ពុជា ថ្នាក់ដឹកនាំសមាគម ក្លិប កីឡាអត្តពលកម្ម និងសមាជិកប្រតិបត្តិ បានសម្រេចចិត្ត បោះឆ្នោតឲ្យ លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ជាប្រធានសហពន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បន្តអាណត្តិទី៧ជំនួយលោក អ៊ុក សិទ្ធិជាតិ អតីតប្រធានលាឈប់ បន្ទាប់ពីរូបលោក ជាប់រវល់ការងារ ។
លោក សំហេង បុរសបានមានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងបំផុត ដែលឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំសមាគម ក្លឹប កីឡាអត្តពលកម្ម បានផ្តល់សេចក្តីទុកចិត្ត ក្នុងការបោះឆ្នោតឱ្យខ្ញុំបាទ បានធ្វើជាប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្ត អណត្តិថ្មីនេះ។ ខ្ញុំបាទ និងក្រុមការងារ ប្តេជ្ញាថា នឹងបន្តបេសកកម្ម ដឹកនាំ គ្រប់គ្រង ផ្សព្វផ្សាយ និងធ្វើសកម្មភាព អភិវឌ្ឍកីឡាអត្តពលកម្ម ឱ្យបានរីកចម្រើន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។


លោកបន្តថា ជាពិសេសយើងនឹងខំពុះពារបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងពេលដែលកម្ពុជាយើងទទួល ធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ៕
