លោក Kim Hak-bum គ្រូបង្គោលក្រុមជម្រើសជាតិ កូរ៉េខាងត្បូង បានធ្វើការបកស្រាយ ទៅកាន់អ្នកសារព័ត៌មាន ជាច្រើននៅក្នុងថ្ងៃនេះ ពីមូលហេតុដែលលោកសម្រេចចិត្តដកខ្សែប្រយុទ្ធ Son Heung-min ពីការប្រកួតអូឡាំពិក ២០២០ខាងមុខ ។
លោក Kim បាននិយាយថា ” ខ្ញុំបានប្រាប់ទៅកាន់ Son ថា អរគុណហើយសុំអភ័យទោសផងដែរ ព្រោះគេបានបង្ហាញយ៉ាងច្បាស់ថា គេចង់ចូលជួយក្រុមជម្រើសជាតិ គេក្នុងប្រកួតអូឡាំពិកនេះ ។ គេបានទៅសុំ Spurs រហូតទទួលបានការ អនុញ្ញាតផងដែរ ។ យើងពេញចិត្តនឹងគេមែនទែន ហើយយើងក៏បានដាក់ឈ្មោះគេចូលក្នុងក្រុមដែរ តែគិតចុះគិតឡើង គេជាកីឡាករ ដែលត្រូវការពាររក្សាទុកសិន ព្រោះរបៀបលេង ចូលរួមហ្វឹកហាត់អូឡាំពិក អាចនឹងលំបាកដល់គេ ។ ណាមួយកាលពីរដូវកាលមុនហ្នឹង Son រៀងមានរបួសផង អញ្ចឹងហើយបើគេមកលេងនេះទៀត ពិតជាពិបាកដល់គេ ” ។
លោកបានបន្ថែមទៀត ” អញ្ចឹងហើយបានជាចុងក្រោយ ខ្ញុំសម្រេចចិត្តដ៏លំបាកនេះ ព្រោះបើ Son ឈឺក្នុងប្រកួត អ្នកទាំងគ្នាច្បាស់ជាថា យើងឲ្យគេលេងច្រើនពេក អញ្ចឹងហើយវាពិបាក ដល់ខ្ញុំទទួលខុសត្រូវណាស់ ជាពិសេសបើគេឈឺមែន ក្នុងពេលប្រកួតហ្នឹងមែន វាច្បាស់ជាខាតណាស់ ព្រោះគេត្រូវចូលរួមប្រកួត World Cup វគ្គជម្រុះ ក៏ដូចជាប្រកួតដើមរដូវកាល Spurs ផងដែរ ” ។
គួរបញ្ជាក់ផងដែរ ប្រកួតអូឡាំពិក ២០២០ នឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៣ កក្កដា ដល់ថ្ងៃទី០៨ សីហា ឆ្នាំ២០២១ខាងមុខ៕