អ្នកចាំទីវ័យក្មេង Nubel ត្រូវបានគេជឿជាក់ថា នឹងអាចក្លាយទៅជាកីឡាករ ដែលក្លឹបយក្ស អាល្លឺម៉ង់ Bayern Munich កោះហៅត្រឡប់ឲ្យ មកចូលរួមក្លឹបភ្លាមៗ ទោះបីជាកំពុងមានកុងត្រា ខ្ចីជើងជាមួយនឹង ក្លឹបបារាំង Monaco ក្តី ។
Bayern Munich បានរក្សាសិទ្ធមួយ នៅក្នុងកុងត្រាខ្ចីជើងថា អាចនឹងផ្តាច់កុងត្រាភ្លាមៗ នៅពេលដែលត្រូវការកីឡាកររូបនេះ នេះបើយោងតាមការ ចេញផ្សាយ របស់ Sport1 ទោះបីជាកន្លងមក គាត់ហាក់ដូចជា មិនសូវមានឱកាសបង្ហាញខ្លួនក្តី ។
នៅ Bayern Munich កីឡាករអ្នកចាំទីដៃធំ Manuel Neuer មិនងាយមានបញ្ហាឡើយ ដែលធ្វើឲ្យ Nubel មានភាពលំបាក ក្នុងការបញ្ចេញសមត្ថភាព ប៉ុន្តែលើកនេះដោយសារ តែរបួសរបស់ Neuer គេជឿជាក់ថា វាគឺជាពេលវេលាដ៏សាកសមបំផុត សម្រាប់យុវជនឆ្នើមរូបនេះ បង្ហាញស្នាដៃ៕
ប្រែសម្រួល៖ស៊ុនលី