ជំនួបដែលប្រិយមិត្តគ្រប់គ្នាចង់ឃើញនោះ បានមកដល់នៅម៉ោង២រំលងអាធ្រាត្រនេះហើយ ដែលជាជំនួបរវាងក្រុមជម្រើសជាតិអ៊ីតាលី និងអេស្ប៉ាញ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2020 ។
ការប្រកួតធំនេះដែរ លោក Jose Mourinho ដែលទាយត្រូវកាលពីវគ្គ៨ក្រុមចុងក្រោយនោះ ក៏បាននិយាយជ្រើសរើសក្រុមណាមានសង្ឃឹមច្រើនឡើងទៅវគ្គបន្ដដែរ។ អ្នកចាត់ការថ្មីរបស់ក្រុម Roma រូបនេះ បានយកក្រុមអ៊ីតាលីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយសំអាងថាអេស្ប៉ាញ ទំនងជាមិនខ្លាំងដូចអ៊ីតាលីនោះទេនៅពេលនេះ។
លោកបាននិយាយបន្ថែមបែបនេះថា៖ “ខ្ញុំមិននិយាយ១០០% អ៊ីតាលីដឹងតែឡើងនោះទេ។ គ្មានផ្លូវខ្ញុំនិយាយបែបនេះឡើយ ព្រោះខ្ញុំគោរពដល់បាល់ទាត់ និងក្រុមជម្រើសជាតិអេស្ប៉ាញ។ ខ្ញុំមិនគិតថាអេស្ប៉ាញខ្លាំងដូចអ៊ីតាលីទេ ប៉ុន្តែពួកគេក៏មានក្បួនលេងរបស់គេដែរ។ ពួកគេក៏អាចធ្វើឱ្យដៃគូពិបាកដូចគ្នា។ ក្រុមទាំងពីរនេះ អាចនិយាយបានថាជាការប្រកួតឡើងវិញ ព្រោះពួកគេធ្លាប់ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដងមកហើយ ដោយកាលនោះអេស្ប៉ាញបានបំផ្លាញក្ដីស្រមៃរបស់អ៊ីតាលី”។
សូមបញ្ជាក់ថាអ៊ីតាលី នៅប្រកួតនេះមិនមានវត្តមានខ្សែការពារសំខាន់ Spinazzola នោះទេ ដោយសារតែរូបគេមានបញ្ហារបួសកាលលេងទល់ក្រុមបែលហ្សិក។ យ៉ាងណាមិញ លោក Mancini ក៏នៅមាន កីឡាករល្អៗ ជាច្រើនទៀតដែលអាចលេងបានទល់អេស្ប៉ាញនៅរាត្រីនេះ៕
ប្រភព៖http://sabay