លោក Jose Mourinho ទាយពិតជាច្បាស់មែន ក្នុងការប្រកួតពានរង្វាន់ Euro 2020 នេះ តាំងពីវគ្គ៨ក្រុម ចុងក្រោយមកម្ល៉េះ ហើយយប់មិញនេះទៀតសោតក៏លោកច្បាស់ដែរ។

មុនការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាក លោក Jose បានបង្ហាញចំណាប់អារម្មណ៍ខុសគេថាអង់គ្លេស ត្បិតតែឃើញល្អៗមែន ប៉ុន្តែប៉ះដាណឺម៉ាកដែលយកបេះដូងមកលេង គឺមិនងាយឈ្នះទេ។ ហើយជាក់ស្ដែង គឺពិតជាមិនងាយមែន បើសិនមិនមានបាល់ពិន័យ១១ម៉ែត្រទេ នោះអង់គ្លេសទំនងជានឹងត្រូវទាត់កាត់សេចក្ដីយកអ្នកឈ្នះ ដោយបាល់ប៉េណាល់ទីទៅហើយ។ ចំពោះបាល់ប៉េណាល់ទីនោះ ក៏លោកមើលឃើញថាមិនសមឱ្យដែរ តែរឿងអង់គ្លេសឈ្នះលោកយល់ស្រប ព្រោះអង់គ្លេស លេងបានល្អជាងមែន ប៉ុន្ដែគួរឈ្នះដោយវិធីផ្សេង មិនមែនប៉េណាល់ទីបែបនេះទេ។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រវិញ លោក Jose ក៏បានជ្រើសរើសអង់គ្លេសទៀត។ លោកបាននិយាយថាអង់គ្លេស មានប្រៀបជាងអ៊ីតាលីត្រង់លេងនៅទឹកដី Wembley របស់ខ្លួន។ នេះជាឱកាសរបស់អង់គ្លេស ដែលបញ្ចប់កំណត់ត្រាមិនឈ្នះ ពានសោះ៥៥ឆ្នាំមកនេះហើយ។ ប្រសិនបើអង់គ្លេស មិនអាចចាប់ឱកាសនេះបានទេ បណ្ដោយឱ្យអ៊ីតាលីលើកពានវិញ នោះវានឹងក្លាយជាការខកចិត្តទ្វេរដងហើយ សម្រាប់អ្នកគាំទ្រអង់គ្លេស។

អ្នកចាត់ការថ្មីរបស់ក្លឹប Roma បានបន្ដទៀតថាទំនួបអង់គ្លេសនិងអ៊ីតាលីនេះ គឺជាជំនួបល្អមើលបំផុតហើយ លោកកំពុងរង់ចាំទស្សនាផងដែរ ព្រោះអ៊ីតាលីមានទម្រង់លេងល្អ មិនទាន់បរាជ័យ៣៣ឆ្នាំប្រកួតមកហើយ៕ ប្រភព៖ សប្បាយ
