កីឡា

លេចឮ​ថា​ Pogba ជា​គោល​ដៅ​បន្ទាប់​របស់​ PSG

ខ្សែ​បម្រើ​បារាំង​ Paul Pogba ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម ​និយាយ​តៗ​គ្នា​ជា​ច្រើន​បាន​លើក​ឡើង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​ Manchester United រូប​នេះ​ជា​គោលដៅ​បន្ទាប់​របស់​ក្លឹប​ Paris Saint Germain សម្រាប់​រដូវកាល​ក្ដៅ​ថ្មី​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ L’Equipe ។

យោង​តាម​ការ​ចុះ​ផ្សាយ​ ពី​ប្រភព​ដដែល​ខាង​លើ​នេះ ​បាន​ឲ្យ​ដឹង​ថា​ លុយ​ក្នុង​ការ​ទិញ​យក​ Pogba មិន​មែន​ជា​បញ្ហា​របស់​ PSG ឡើយ​សម្រាប់​រដូវកាល​ខាង​មុខ​ ដោយ​សារ​តែ​ខណៈ​មកទល់​នឹង​ពេល​នេះ ​ក្លឹប​នេះ​មាន​លុយ​ចំណាយ​​ជា​ច្រើន ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ជា​ច្រើន​នាក់ ​រួច​មក​ហើយ​ដូច​ជា​ ខ្សែ​បម្រើ​ Wijnaldum ខ្សែការពារ​ Hakimi អ្នកចាំទី​ Donnarumma និង​ខ្សែ​ការពារ​ Ramos ​។

យ៉ាង​ណា​មិញ​បើ​តាម​ការ​ចុះ​ផ្សាយ​ជា​ច្រើន ​របស់​សារព័ត៌មាន​ប្រទេស​បារាំង​ ខាង​ Man Utd នឹង​ព្រម​លក់​ Pogba ក្នុង​ចន្លោះ​ពី​ជាង​ ៦០លាន​ដុល្លារ រហូត​ដល់​ជាង​ ៧០លាន​ដុល្លារ បើ​ក្លឹប​ណា​ចង់បាន​។​

Pogba បាន​មក​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​២០១៦ និង​ចប់​កុងត្រា​ទៅ​វិញ​ឆ្នាំ​២០២២​ ដោយ​ធ្លាប់​ចូល​រួម​លេង​បាន​ ១៩៩ប្រកួត​ រក​គ្រាប់​បាល់​បាន​ ៣៨​គ្រាប់​៕ ប្រភព៖ សប្បាយ

Most Popular

To Top