ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការតំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើការជួបសំណេះសំណាល ជាមួយនឹងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិចេញទៅការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក ហែម គីរី អគ្គលេខាធិការបានប្រាប់តាមសារអេឡិចត្រូនិចថា លោកបានធ្វើការផ្តែផ្តាំ ពាំនាំនូវអនុសាសន៍របស់លោកទេសរដ្ឋមន្រ្តី និងប្រធានសហព័ន្ធសូមថែរក្សាសុខភាពត្រូវតែប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងគោរពតាមលក្ខខណ្ឌនៃការប្រកួតឲ្យបាន និងគោលការណ៍កីឡា ។
លោកបន្តថា ទេសរដ្ឋមន្រ្តីប្រធានសហ័ន្ធបានផ្តាំផ្ញើជូនពរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ព្យាយាមប្រកួតឲ្យបានលទ្ធផលល្អនៃព្រឹត្តិការណ៍កប្រកួតកីឡាអូឡាំពិកតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនលើកនេះ ហើយលោកប្រធានសហព័ន្ធក៏បានផ្ដល់នូវថវិកាផ្ទាល់ខ្លួនក្នុងមួយនាក់៥០០ដុល្លាររួមជាមួយសម្ភារៈប្រើប្រាស់សម្រាប់ចូលរួមប្រកួត និងថ្នាំការពារជំងឺផ្ដាសាយ ដើម្បីទុកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ សម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅចូលរួមការប្រកួតនាពេលខាងមុខនេះដែរ។
អគ្គលេខាធិការបន្ថែមថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជានាពេលព្រឹកថ្ងៃអង្គារ ទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣៥ នាទី ព្រឹក ដើម្បី ឆ្ពោះ ទៅ កាន់ ប្រទេស ជប៉ុន ដោយសារព្រឹត្តិការណ៍ កីឡា អូឡាំពិក នៅក្នុង ទីក្រុង តូក្យូ ប្រទេស ជប៉ុន ដែលនឹងចាប់ ផ្ដើម ការប្រកួត ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ ថ្ងៃ ទី ០១ ខែសីហា ឆ្នាំ ២០២១ខាងមុខ នេះ ។
លោក ហែម គីរី បន្តថា ចំណែកសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនអត្តពលិកហែលទឹក២រូប គឺកីឡាករ ហែម ប៊ុច និង កីឡា ការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួត វិញ្ញាសា ហែល ៥០ ម៉ែត្រ សេរី ដូចគ្នា៕ដោយ៖លី ភីលីព