ភ្នំពេ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្ត ដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជាមុនប្រតិភូ និងអត្តពលិកកម្ពុជា ត្រូវធ្វើដំណើរទៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដា។

ប្រតិភូ និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិធ្វើដំណើរ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាពេលព្រឹកថ្ងៃអង្គារ ទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣៥នាទីព្រឹក ដើម្បីឆ្ពោះទៅកាន់ប្រទេសជប៉ុន ដោយសារព្រឹត្តិការណ៍ កីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

ប្រតិភូ និងអត្តពលិកកម្ពុជា ដែលត្រៀមចូលរួមប្រកួត ព្រឹត្តិការណ៍ពិភពលោកមានលោក វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល ជានាយរងបេសកកម្ម និងលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ៕



