កីឡា

លោក វ៉ាត់ ចំរើន ៖ ការចូលរួមប្រកួត អូឡាំពិក របស់អត្តពលិកកម្ពុជា ចង់បង្ហាញទង់ជាតិកម្ពុជា ឲ្យពិភពលោក ស្គាល់កាន់តែច្បាស់

ភ្នំពេញ ៖ ប្រតិភូ និងអត្តពិកអូឡាំពិកកម្ពុជា នៅ ព្រឹក ថ្ងៃទី ២០ ខែ កក្កដានេះ បានធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយ ដើម្បីចូលរួមការប្រកួត កី ឡាអូឡាំពិក ឆ្នាំ២០២០ (Tokyo Olympic Game 2020) ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា បេសកកម្មនេះ គឺជាមោទនភាព របស់ប្រតិភូ និងកីឡាករ-កីឡាការិនី ត្រូវបានជ្រើសរើស ចូលរួមព្រឹត្តិការណ៍ ពិភពលោក ៤ឆ្នាំម្ដងនេះ ។ អ្វីដែលយើងទាំងអស់គ្នមានមោទនភាព គឺបេសកកម្មលើកនេះ ខុសពីលើកមុនៗ បើទោះបីមានការ បារម្ភពីក្រុមគ្រួសារ ឬមិត្តភ័ក្ដ្រក៏ ដោយតែក្រុមរបស់យើង នៅតែមានឆន្ទៈមោះមុតក្នុងការចូលរួម ហើយត្រូវតែចូលរួមឲ្យបាន ដើម្បីតំណាងឲ្យ ព្រះរាជាណាចក្រកម្ពុជា តំណាងទង់ជាតិរបស់យើង ក្នុងពិធីបើកអូឡាំពិក ៤ឆ្នាំម្ដង ដែលយើងជាសមាជិក យើងមិនអាចលះបង់ ការចូលរួមរបស់យើងបានឡើយ ។

លោកបន្តថា អ្វីដែលយើងចង់បានត្រឡប់មកវិញ ជាកិត្តិយសសេចក្ដីថ្លៃថ្នូ ដែលកីឡាករ-កីឡាការិនី របស់យើង ខិតខំប្រឹងប្រែងក្នុងការប្រកួត ហើយប្រកួត ដោយមោទនៈភាព គោរពគោលការណ៍ Fair-Play បទបញ្ជាការប្រកួត និង ក្រមសីលធម៌កីឡាករ ។ ទោះបីគ្រូ និងកីឡាករ-កីឡាការិនី របស់យើងមានចំនួនតិចមែន ក៏ប៉ុន្ដែយើងនឹងនាំត្រឡប់មកវិញ នូវកិត្ដិយស មិនឲ្យយើងពាក់ព័ន្ធ ទៅនឹងសារធាតុដូប៉ា ឬរំលោភបទបញ្ជាការប្រកួតទេ ដែលនេះជាសារអបអរសាទរមួយ ដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានយកចិត្តទុកដាក់ណាស់ ចំពោះវិស័យកីឡា ពិសេសការយកចិត្ត ទុកដាក់ដល់កីឡាករ-កីឡាការិនីរបស់យើង ។

បេសកកម្ម ចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ របស់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា គឺមានសមាជិក ៨នាក់ រួមមានលោក វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ។

ដោយឡែក នៅក្នុងពិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តពីសំណាក់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ម្សិលមិញ លោករដ្ឋមន្ដ្រី ក៏បានឧបត្ថម្ភថវិកាដល់ប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងម្នាក់ៗ ៦០០ដុល្លារ ។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោក សិទ្ធិជាតិ អគ្គនាយកកីឡា បានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយ លើ ប្រាក់ហោប៉ៅ ដែលជាការលើកទឹកចិត្ត និងផ្តល់នូវ ភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍ ពិភពលោកនេះផងដែរ ៕

Most Popular

To Top