កីឡា

លោក វ៉ាត់ ចំរើន​ ៖ NOCC និងក្រសួងអប់រំ កំពុងរៀបចំទីលាន ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត សម្រាប់អត្តពលិក ត្រៀម SEA GAMES 2021 លើកទី៣១ នៅវៀតណាម

ភ្នំពេញ ៖ ក្រោយពីកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ជាង១០០០នាក់ បានចាក់វ៉ាក់សាំង ការពារមេរោគ COVID-19 ក្នុងការត្រៀមហ្វឹកហាត់ ពង្រឹងសមត្ថភាព ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំ ទីលានប្រកបដោយសុវត្ថិភាព ខ្ពស់បំផុត ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានមានប្រសាសន៍ថា លោកបានកំពុងត្រៀមខ្លួន ជួយពិភាក្សាជាមួយ ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ហ្វឹកហាត់ ក្រុមអត្តពលិកជម្រើសជាតិ ក្នុងការប្រមូលផ្ដុំ ក្នុងទីលានបិទទ្វារដោយមានមការតាមដាន ពីគ្រូបង្វឹក និង អនុរក្សរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្រោយការ ចាក់វ៉ាក់សំាងនេះ យើងទទួលបានភាពកក់ក្តៅ ក្នុងចិត្តសាស្ត្រកីឡាមួយហើយ ហេតុនេះយើងត្រូវតែបន្តការអនុវត្ត នូវវិធានការ៣កុំ៣ការពារ ឲ្យបានម៉ឺងម៉ាត់ ដដែលនោះគឺ ការដាក់វិន័យតឹងរឹង ទាំងក្នុងពេលហ្វឹកហាត់ និងការរស់នៅក្រៅពីការហ្វឹកហាត់ ដោយត្រូវ តែឲ្យស្ថិតនៅក្រោមការឃ្លាំមើល របស់គ្រូបង្វឹក អនុរក្ស និងថ្នាក់ដឹកនាំមិនឲ្យ មានការថ្លោះធ្លោយឡើយ ។

លោកបានបន្តថា បើមាននរណាដើរលេងយប់ ចេញទៅណាឆ្ងាយ ពីផ្ទះ ឬពីកន្លែងប្រមូលផ្តុំហ្វឹកហាត់ របស់ខ្លួនត្រូវដាក់ឲ្យ នៅដាច់ ដោយឡែកក្រោមការត្រួត ពិនិត្យសុខភាព ដោយមិនទាន់ឲ្យវិល ចូលហ្វឹកហាត់ ក្នុងក្រុមវិញភ្លាមៗនោះទេ ។ យើងមិនអាចធ្វើឲ្យការហ្វឹក ហាត់ក្រុមជម្រើសជាតិ រាំងស្ទះបានទេ ប៉ុន្តែការហ្វឹកហាត់ត្រូវ តែជាកន្លែងមានសុវត្ថិភាពខ្ពស់បំផុត សម្រាប់ក្រុមជម្រើសជាតិ លើគ្រប់ប្រភេទកីឡាទាំងអស់ ។ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ត្រូវបានរំសាយការប្រមូលផ្តុំហ្វឹកហាត់ នឹងត្រូវប្រមូលផ្តុំចូលក្រុមជម្រើសជាតិ ឡើងវិញ នាពេលខាងមុខឆាប់ៗនេះ ដើម្បីត្រៀមការប្រកួត អន្តរជាតិនានា ជាពិសេសគឺត្រៀមប្រកួតប្រជែង មេដាយ SEA GAMES 2021 លើកទី៣១ ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពីការពិភាក្សា មានការឯកភាពគ្នា រវាងផ្នែកដែលពាក់ព័ន្ធនោះ ។

ក្រុមជម្រើសជាតិមានកីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ មន្ត្រីកីឡាចំនួន ១០៥១នាក់ បានចាក់រួចរាល់អស់ហើយ ប៉ុន្តែយើងកំពុងត្រួត ពិនិត្យនីតិវិធីក្នុងការការពារបង្ការ COVID-19 ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់ ជាបន្តទៀត ក្នុងពេលខាងមុខឆាប់ៗនេះ ។
បច្ចុប្បន្នយើងពុំទាន់ទទួលគោលការណ៍ ពីក្រសួងជំនាញពាក់ព័ន្ធនៅឡើយទេ ប៉ុន្តែមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាកំពុងជំរុញ ឲ្យការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឲ្យបានឆាប់ ដើម្បីត្រៀម ចូលរួមប្រកួត ប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងរៀបចំ ពីថ្ងៃទី២០ខែវិច្ឆិកា ដល់ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ដោយសារស្ថានភាព វិបត្តិ COVID-19 ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបន្តការរីករាលដាលនៅឡើយនោះគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាកំពុងពិនិត្យថា តើសហព័ន្ធកីឡាជាតិ ណាមានកន្លែងហ្វឹកហាត់បិទទ្វារ សម្រាប់ក្រុមជម្រើសរបស់ខ្លួន ដោយកុំឲ្យមានអ្នកចេញចូល គឺអនុញ្ញាត ឲ្យមានតែកីឡាករ កីឡាការិនីហ្វឹកហាត់តែប៉ុណ្ណោះ ។

ជាមួយគ្នានោះយើង រកទីលានហ្វឹកហាត់ណា ដែលធានាបាននូវសុវត្ថិភាព សម្រាប់ការហ្វឹកហាត់ របស់កីឡាករកីឡាការិនីទាំងការ រស់នៅហូបចុកស្នាក់នៅ ក្នុងកន្លែងនោះផងដែរ ។ យើងមិនត្រូវតែត្រួតពិនិត្យ តែទៅលើការហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងត្រួតពិនិត្យទាំងការ គោរពវិធានការសុខាភិបាល ដូចគ្នាផងដែរបើទោះបីជាក្រុមជម្រើសជាតិ ទាំងអស់បានចាក់វ៉ាក់សាំង រួចរាល់ហើយក្តី ក៏ការចម្លងនៃ COVID-19 នៅតែជាក្តីបារម្ភដដែល ។

លោកអគ្គលេខាធិការ បានអំពាវនាវ ឲ្យបណ្តាថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនានា គ្រូបង្វឹកថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ជួយជាកម្លាំងចិត្តជាគោលការណ៍ ដើម្បីធ្វើយ៉ាងណាជំរុញ ឲ្យកីឡាករកីឡាការិនីទាំងអស់ ហ្វឹកហាត់ ដោយគ្មានភាពភ័យខ្លាច ឬបារម្ភពីរឿង COVID-19 ក្នុងអំឡុងពេលការហ្វឹកហាត់បង្កើនគុនភាព បច្ចេកទេសសម្រួចគោលដៅឆ្ពោះ ទៅប្រកួតសប្រជែងមេដាយ ក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១នេះ៕

Most Popular

To Top