កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសអេស្ប៉ាញ កំពុងតែមានការពិភាក្សាគ្នា អំពីលទ្ធភាពដែល ខ្សែប្រយុទ្ធបារាំង Antoine Griezmann ត្រលប់ពីក្លឹប Barcelona មកកាន់ក្លឹប Atletico Madrid វិញ ដោយដោះដូរជាមួយ ខ្សែបម្រើអេស្ប៉ាញ Saul Niguez។
ពាក់ព័ន្ធនឹងរឿងនេះដែរ ក៏មានអ្នកឆ្លៀតដេញ តាមសម្ភាសន៍លោក Enrique Cerezoប្រធានក្លឹបរាជធានីម៉ាឌ្រីដ Atletico ផងដែរ។ លោកច្រើនតែច្រានចោលសំណួរពាក់ព័ន្ធនឹងទីផ្សារកីឡាករ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឱ្យដឹងថា លោក Cerezo ត្រូវបានគេសួរថា៖ “តើអ្នកគាំទ្រក្លឹប Atletico Madrid អាចនឹងលើកលែង Griezmann ទេ ប្រសិនបើកីឡាកររូបនេះត្រលប់មកវិញ?” ។ ពេលនោះលោកក៏បានឆ្លើយថា៖ ” ខ្ញុំមិនគិតថា អ្នកគាំទ្រនឹងលើកលែង Griezmann នោះទេ ” ។
Griezmann បានចាកចេញពី Atletico Madrid នៅឆ្នាំ២០១៩ ដោយទៅលេងនៅ Barcelona។ ចាប់ពីពេលនោះមក កីឡាកររូបនេះរកបាន ៣៥គ្រាប់ ក្នុងការប្រកួតចំនួន ៩៩ដង៕