កីឡា

លោក វ៉ាត់ ចំរើន និងអត្តពលិក​​ ចូលរួមប្រារព្ធពិធី បើកការប្រកួតកីឡា អូឡាំពិក ទីក្រុងតូក្យូ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មកម្ពុជា និងតំណាង ប្រទេសទាំង ២០៦ បានអញ្ជើញដល់ ពហុកីឡដ្ឋានជាតិ នៃទីក្រុងតូក្យូ ដែលជាកន្លែងប្រារព្ធ ពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) ហើយ ដើម្បីចូលរួមអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដង ដែលនឹងប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ពិធីបើកនេះ មានការចូលរួមទស្សនា តែភ្ញៀវអន្ដរជាតិភាគច្រើប៉ុណ្ណោះ ពុំអនុញ្ញាតឲ្យប្រជាពលរដ្ឋជប៉ុន ចូលរួមទស្សនានោះទេ ប៉ុន្ដែនឹងមានការផ្សាយបន្ដផ្ទាល់ទៅគ្រប់ទូរទស្សន៍ទាំងអស់ លើឆាកអន្ដរជាតិ ។ ចំពោះភ្ញៀវអន្ដរជាតិ ដែលចូលរួមពិធីបើកនេះ មានតែប្រធាន និងអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិក នៃប្រទេសទាំង ២០៦ប្រទេស រួមទាំងតំណាងសហព័ន្ធកីឡាអន្ដរជាតិទាំង ៣៣សហព័ន្ធ និងមន្ដ្រី បច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមរៀបចំការប្រកួតប៉ុណ្ណោះ ដែលសរុបប្រមាណ ២០០ ទៅ ៣០០នាក់ ។ ក្រៅពីនេះ ក៏មានអ្នកសារ ព័ត៌មាន អន្ដរជាតិមួយចំនួនផងដែរ ។

អ្វីដែលគួរឲ្យកត់ សម្គាល់ពិធីបើកផ្លូវការ ដែលគ្រោងធ្វើឡើងក្រោមវត្តមាន នាយករដ្ឋមន្ដ្រីជប៉ុន លោក Yoshihide Suga នេះ ក៏មានវត្តមានភ្ញៀវ ពិសេសប្រធានាធិបតីបារាំង លោក Manuel Macron និងស្ដ្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោកជំទាវ Jill Biden ចូលរួមផងដែរ ហើយវត្តមាន របស់តំណាង និងថ្នាក់ដឹកនាំប្រទេសបារាំង ក៏ដូចជាសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍នេះ ក៏ព្រោះប្រទេសទាំងពីរ ត្រូវបន្ដវេណធ្វើម្ចាស់ផ្ទះពីទីក្រុងតូក្យូ ក្នុងនោះបារាំង ត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក នាឆ្នាំ២០២៤ ខណៈរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នឹងធ្វើម្ចាស់ផ្ទះបន្ដវេណ នាឆ្នាំ២០២៨ ។

គួរបញ្ជាក់ថា ក្នុងពិធីបើកការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នេះ ក្រៅពីការចូលរួម របស់លោកវ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា ក៏នឹងមានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា កាន់ទង់ជាតិកម្ពុជា ក្នុងក្បួនដង្ហែរ និងអបអរសាទរ ពិធីបើកការ ប្រកួតផ្លូវការនេះផងដែរ ៕

Most Popular

To Top