ទីបំផុតឥណ្ឌូណេស៊ី រកបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន លើវិញ្ញាសាវាយសី គូនារីនៅថ្ងៃនេះ ។
កីឡាការិនី Greysia Polii និង Apriyani Rahayu របស់ឥណ្ឌូណេស៊ី បានយកឈ្នះកីឡាករការិនីចិន Chen និង Jai ២សិត ជាប់គ្នាលទ្ធផល ២១-១៩ និង ២១-១៥ ។ ជ័យជម្នះនេះបានជួយឥណ្ឌូណេស៊ី មានមេដាយមាសដំបូង ក្នុងតារាងសរុបមេដាយ របស់អូឡាំពិក ។
ទល់នឹងពេលនេះ ឥណ្ឌូណេស៊ីមានមេដាយ៤គ្រឿង ហើយក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះរួមមាន៖ មាស១ ប្រាក់១ និងសំរឹទ្ធ២គ្រឿង។ ចំពោះម្ចាស់មេដាយមាសឥណ្ឌូណេស៊ី នឹងផ្ដល់ប្រាក់រង្វាន់ លើកទឹកចិត្ត៣៤៦ ០០០ដុល្លារ រួមទាំងប្រាក់បៀរ វត្តន៍ប្រចាំខែ១ ៤០០ដុល្លារពីលើទៀត។
សម្រាប់អ្នកដែលទទួលបានមេដាយប្រាក់ បានប្រាក់រង្វាន់លើកទឹកចិត្ត១៣៨ ០០០ដុល្លារ ឯសំរឹទ្ធបាន៧ម៉ឺនដុល្លារ ។ ពួកគេក៏អាចទទួល បានប្រាក់បៀរវត្តន៍ប្រចាំខែដូចគ្នា តាមកម្រិតដែលគេចាត់ចែង ។
ឥណ្ឌូណេស៊ី ជាប្រទេសក្នុងតំបន់អាស៊ានទី៣ ហើយដែលឈ្នះមេដាយមាស នៅទីក្រុងតូក្យូ បន្ទាប់ពីថៃលើវិញ្ញាតេក្វាន់ដូ និងហ្វីលីពីនលើវិញ្ញាលើកទម្ងន់ ៕