ខ្សែប្រយុទ្ធ Lionel Messi នឹងចាកចេញពីក្រុម FC Barcelona ជាផ្លូវការហើយ បន្ទាប់ពីក្លឹបមិនអាចសម្រេចបន្ដកុងត្រាថ្មីបាន ក្រោមហេតុផលបញ្ហាសេដ្ឋកិច្ច។
ដំណឹងនៃការចាកចេញរបស់វីរបុរសក្លឹបខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន។ ដោយមួយចំនួនបាននាំគ្នាទៅកីឡដ្ឋាន Camp Nou ដើម្បីអង្គុយជុំគ្នា និងនិយាយពីរឿងដែលពួកគេសឹងតែមិនជឿថាកើតមានឡើងនោះទេ។ Messi បានចំណាយពេលជាង២០ឆ្នាំនៅក្លឹបនេះ និងឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែចុងក្រោយរូបគេនៅតែមិនអាចចូលនិវត្តន៍ជាមួយក្រុម Barcelona បានដដែល។

ដោយក្នុងចំណោមអ្នកគាំទ្រទាំងអស់នោះ មានអ្នកគាំទ្រម្នាក់បានកាន់អាវរបស់ Messi ទ្រហ៊ោយំក្បែររបងកីឡដ្ឋាន Camp Nou តែម្ដង។ នេះបានបង្ហាញថា រូបគេពិតជាស្រលាញ់ និងចង់ឃើញប្រធានក្រុមរូបនេះបន្ដលេងនៅក្រុមអ្នកមានបុណ្យទៀតណាស់។

Messi វ័យ៣៤ឆ្នាំ ជាកីឡាករថ្នាលដុះចេញពីក្រុម Barcelona តែម្ដង តាំងពីកម្រិត C , B រហូតដល់ក្រុមធំនៅឆ្នាំ២០០៤។ វត្ដមានរបស់ខ្សែប្រយុទ្ធរូបនេះ ២១ឆ្នាំនៅ Camp Nou បានជួយក្រុមអ្នកមានបុណ្យច្រើនមែនទែន ដោយក្នុងនោះបង្ហាញខ្លួនបាន៧៧៨ប្រកួត និង៦៧២គ្រាប់។ រូបគេបានជួយក្រុមឈ្នះពាន La Liga ១០ដង Champions League ៤ដងនិង Copa del Rey រហូតដល់៧ដង៕

ប្រភព៖ http://sabay
