Antonela Roccuzzo ភរិយារបស់ខ្សែប្រយុទ្ធ Lionel Messi បានលើកទឹកចិត្តស្វាមី បន្ទាប់ពីត្រូវ ចាកចេញពីក្រុម FC Barcelona ដោយមិនបានព្រាងទុកមុននោះទេ ។
Messi ក្នុងសន្នីសីទកាសែតម្សិលមិញនេះ បានបញ្ជាក់ថា រូបគេមិនបានព្រាងទុកទេថា នឹងចាកចេញពីក្លឹប FC Barcelona បាន ខណៈដែលទីនេះខ្លួនចាត់ទុកជាផ្ទះទៅហើយ។ យ៉ាងណាមិញ ពេលវេលាបានមកដល់ ដូច្នេះមានតែការមើលទៅមុខ និងបន្ដដំណើរជាមួយក្លឹបថ្មីទៀតទេ តែ Messi ក៏បង្ហើបថានឹងត្រលប់មកវិញក្រោយ ពីចំណាយពេលលេងនៅក្លឹបដទៃ ២ទៅ៣ឆ្នាំ ខាងមុខនេះផងដែរ ។
ជាមួយគ្នានេះ អ្នកស្រី Antonela Roccuzzo ភរិយារបស់ខ្សែប្រយុទ្ធ Lionel Messi បានលើកទឹកចិត្តស្វាមី នៅលើបណ្ដាញសង្គមថា៖ “វាពិបាកណាស់ក្នុងការរកពាក្យប៉ុន្មានមាត់ ដើម្បីមកនិយាយរៀបរាប់រឿង ដែលយើងបានឆ្លងកាត់ជាច្រើនឆ្នាំមកនេះ ។ មនោសញ្ចេតនាជាច្រើន នឹងបន្សល់ទុកជាមួយយើងជារៀងរហូត។ ដូចអ្វីដែលបាននិយាយ អ្វីដែលមិនអាចសម្លាប់យើងបាន នឹងធ្វើឱ្យយើងកាន់តែខ្លាំងជាងមុន ជាមួយគ្រួសាររបស់យើង ដែលតែងតែគាំទ្រយើង ដើម្បីឱ្យយើងអាចចេញ ទៅទីលានប្រកួតម្ដងទៀត ខ្លាំងជាងមុនថែមទៀត” ៕