ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការសហការរួមគ្នា ជាមួយស្ថានីយ៍ទូរទស្សន៍ ក្នុងការរៀបចំគណៈកម្មការផ្គូរផ្គង ដើម្បីការពង្រឹង តួនាទីភារកិច្ច គណៈកម្មការផ្គូរផ្គង រៀបចំគូប្រកួតដល់កីឡាករ-កីឡាការិនី សម្រាប់ដំណើរការប្រកួត តាមស្ថានីយ៍ទូរទស្សន៍នានា ក្នុងរាជធានីភ្នំពេញ ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា គណៈកម្មការផ្គូរផ្គងរបស់យើង បានយកចិត្តទុកដាក់ពុះពារ បំពេញភារកិច្ចនេះ ទទួលបានជោគជ័យជា បន្តបន្ទាប់រហូតមកដល់ពេលនេះ ។ ការងារផ្គូរផ្គង និងការងារប្រកួត របស់យើងពិតជាមានសារសំខាន់ ក្នុងការចូល រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការងារទំនាក់ទំនងទូទៅ ជាតិ-អន្តរជាតិ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡា ប្រដាល់គុនខ្មែរឲ្យមានកម្រិតខ្ពស់ ។
ចំពោះការងារនេះថ្វីត្បិតតែ យើងបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងពុះពារនោះហើយ ក៏ដោយ ក៏យើង ពិនិត្យឃើញថា ការងារនេះពិតជានៅមាន ចំណុចខ្វះខាត និងមានភាពអសកម្មខ្លះៗ ចំពោះកីឡាករ-កីឡាការិនីរបស់យើង ក្នុងការប្រកួតមិនឈរទឹក មិនសូវមានវិន័យ ខ្វះភាពរឹងមាំ ខ្វះកំលាំងកាយ ខ្វះកំលាំងអំណត់ មិន មានភាពរឹងមាំខាងផ្នែកបច្ចេកទេស ។ ហើយពេលខ្លះការផ្គូរផ្គងរួចហើយមានការដោះដូរឡើងវិញជាញឹកញាប់ និងមិនសមហេតុផល ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួត ។
លោកប្រធានបន្តថា ដើម្បីឲ្យការងារគណៈកម្មការផ្គូរផ្គង ដំណើរការងារ របស់ខ្លួនបានល្អប្រសើរ និងជៀសផុតពីចំណុចប្រឈម ផ្សេងៗនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមដាក់ចេញ នូវវិធានការ ណែនាំមួយចំនួនដូចជា គណៈកម្មការផ្គូរផ្គងត្រូវធ្វើការងារទំនាក់ទំនង សហការផ្ទាល់ជាមួយបណ្តា សមាគម ក្លិប ឬគ្រូបង្វឹក ដែលជាតំណាង សហការទំនាក់ទំនងការផ្គផ្តងការប្រកួតសម្រាប់កីឡាតាមរូបភាព ឬវិធីសាស្ត្រផ្សេងៗ និង ពេលវេលាកំណត់ ទាំងពេលវេលាផ្គូរផ្គង និងគូប្រកួតរបស់កីឡាករ កីឡាកាវិនី តាមការកំណត់ របស់គណៈកម្មការផ្គូរផ្គង ប្រចាំស្ថានីយ៍ទូរទស្សន៍នីមួយៗ ការងារផ្គូរផ្គងគូប្រកួតនេះ មិនអនុញ្ញាតឲ្យ ធ្វើការផ្គូរផ្គង ដោយផ្ទាល់ជាមួយកីឡាករ កីឡាការិនីជាដាច់ខាត ។
បណ្តាសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាង ត្រូវពិនិត្យនិងធ្វើការជ្រើសរើសនូវ សមាសភាពកីឡាករ កីឡាការិនី ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ខ្លួន ត្រូវមានកម្លាំងកាយ កម្លាំងអំណត់ និងមានភាពរឹងមាំខាងបច្ចេកទេស មានវិន័យ មានការហាត់ហ្វឹកហ្វឺនត្រឹមត្រូវតាមកម្មវិធីច្បាស់លាស់ ។
លោបានបន្ថែមទៀតថា គណៈកម្មការផ្គូរផ្គង ត្រូវយកអស់ពីស្មារតី កម្លាំងកាយចិត្ត ទទួលខុសត្រូវការងារផ្គូរផ្គង ត្រូវស្គាល់ ប្រវត្តិរបស់កីឡាករ កីឡាការិនីនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីការងារផ្គូរផ្គង ធានាបាននូវកម្រិត បច្ចេកទេស និងសមត្ថភាពក្នុងការប្រកួតឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ធានាដល់គុណផល និង ស្មារតីកីឡាក្នុងពេលប្រកួត ។
គណៈកម្មការផ្គូរផ្គង ត្រូវមានស្មារតីទទួលខុសត្រូវ មានទស្សនៈគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍ សមាគម ក្លិប និងធនធានកីឡាករ កីឡាការិនី ការផ្គូរផ្គងត្រូវមានសមត្ថភាព មានតម្លាភាព ចែក រំលែកដល់គ្រប់សមាគម ក្លិប គ្រប់បណ្តារាជធានី ខេត្ត ។ ត្រូវមានទស្សនៈវិស័យ ពង្រឹងអភិវឌ្ឍន៍ ធនធានកីឡាករគ្រប់កម្រិត (កម្រិតខ្ពស់ កម្រិតមធ្យម កីឡាករថ្នាល ជាកីឡាករសម្រាប់បន្តវេន)៕