លោក Manny Pacquiao បានសារភាពថា ខ្លួនមិនច្បាស់លាស់ពីអនាគតនៅក្នុងពិភពប្រដាល់នោះទេ ក្រោយពីបានចាញ់កីឡាករគុយបា Yordenis Ugás។ មានពាក្យលេចឮមួយចំនួនបានឱ្យដឹងថា កីឡាករប្រដាល់ប្រែក្លាយជាកីឡាករប្រដាល់រូបនេះក៏ចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីហ្វីលីពីននៅខែឧសភា ឆ្នាំ២០២២ផងដែរ។
នៅក្នុងសន្និសីទកាសែតបន្ទាប់ពីការប្រកួត លោក Pacquiao បានលើកឡើងថា៖ ” ខ្ញុំមិនដឹងទេ។ សូមឱ្យខ្ញុំសម្រាកសិនទៅ ហើយធ្វើការសម្រេចចិត្តតាមក្រោយថា ខ្ញុំនឹងបន្តវាយប្រដាល់ទៀត ឬ យ៉ាងណា”។
លោកបានសង្កត់ធ្ងន់ថា លោកកំពុងតែជួបក្នុងពិភពលោកមួយ ដែលលំបាកជាងពិភពប្រដាល់ទៅទៀត ដោយលោកមានបំណងចង់ជួយប្រជាជនហ្វីលីពីន។
ពាក់ព័ន្ធនឹងរឿងឈរឈ្មោះធ្វើជាប្រធានាធិបតីលោកបាននិយាយថា លោកនឹងប្រកាសការសម្រេចចិត្តនៅខែកញ្ញាខាងមុខនេះ។
យ៉ាងណាមិញ អ្នកនាំពាក្យផ្នែកនយោបាយរបស់លោក Pacquiao លោក Monico Puentevella បាននិយាយប្រាប់សារព័ត៌មាន Al Jazeera ថា កីឡាករប្រដាល់ប្រែក្លាយជាអ្នកនយោបាយរូបនេះ មានបំណងចង់ឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីហ្វីលីពីន ដោយលោកគ្រាន់តែសម្លឹងមើលពេលវេលាបន្តិចទៀតតែប៉ុណ្ណោះ។
Pacauiao ប្រឡូកចូលនយោបាយជាង ១០ឆ្នាំហើយ ដោយលោកបានឡើងធ្វើជាសមាជិកសភាជាន់ទាបហ្វីលីពីនកាលពីឆ្នាំ២០១០ ហើយជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៅឆ្នាំ២០១៦។ លោកថែមទាំងបានធ្វើជាប្រធានគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Rodrigo Duterte ទៀតផង កាលពីឆ្នាំ២០២០។ តែលោកត្រូវបានអ្នកជិតស្និទ្ធនឹងលោក Duterte ធ្វើបក្សប្រហារទម្លាក់ចេញពីតំណែង កាលពីខែកក្កដាកន្លងទៅ ក្រោយលោកបានទាស់ទែងពាក្យសម្ដីជាមួយលោក Duterte៕ ប្រភព៖http://sabay