ខ្សែប្រយុទ្ធ Harry Kane បានបង្ហោះនៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនកាលពីពេលថ្មីៗនេះថា គេនឹងនៅលេងឲ្យក្លឹប Tottenham Hotspure បន្តទៀតក្នុងរដូវកាលថ្មី និងដាក់ចិត្តដាក់កាយពេញ ១០០%តែម្ដង ដើម្បីជួយក្លឹបនេះឲ្យទទួលបានអ្វី ដែលចង់បាន ក្រោយសារព័ត៌មានជាច្រើនចុះផ្សាយកន្លងទៅថា កីឡាករនេះនឹងទៅក្លឹប Manchester City។
នៅក្នុងថ្ងៃនេះសារព័ត៌មាន Daily Mail បានចុះផ្សាយថា បន្ទាប់ពីនៅព្រមបន្តជាមួយ Spurs ដូចធម្មតាវិញនេះ Kane បានសុំក្លឹបនេះឡើងថ្លៃប្រាក់ពលកម្មឲ្យខ្លួនជាង ១៤ម៉ឺនដុល្លារ ដែលសរុបទៅរហូតដល់ជាង ៥៥ម៉ឺនដុល្លារក្នុងមួយអាទិត្យ ខណៈប្រាក់ពលកម្មបច្ចុប្បន្ននេះកីឡាកររូបនេះទទួលបានជាង ៤១ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។
ដូច្នេះបើ Spurs ដំឡើងប្រាក់ពលកម្មទៅតាមអ្វីដែល Kane ទាមទារមែននោះ ខ្សែប្រយុទ្ធរូបនេះនឹងក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់បំផុតនៅក្នុង Premier League ក្នុងរដូវកាលនេះ ។
យ៉ាងណាមិញបើតាមសារព័ត៌មានដដែលនេះចុះផ្សាយបើ Kane ទៅលេងឲ្យ Man City វិញកីឡាកររូបនេះនឹងទទួលបានប្រាក់ពលកម្មជាង ៦៩ម៉ឺនដុល្លារឯណោះក្នុងមួយសប្ដាហ៍។
សូមរំលឹកផងដែរថា Kane នៅមានកុងត្រាជាមួយ Spurs រហូតដល់ឆ្នាំ២០២៤ឯណោះ ខណៈកីឡាករនេះចាប់អាជីពបាល់ទាត់ក្រុមឈុតនៅជាមួយក្លឹបនេះផ្ទាល់ចាប់តាំងពីឆ្នាំ២០១០មក៕
ប្រភព៖ http://sabay