ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា Zoom នៅព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ សាងសង់ភូមិកីឡាឲ្យទាន់ពេលវេលា ក្នុងការបម្រើដល់ការស្នាក់នៅ-ហូបចុក ក្នុងពេលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ការធ្វើបទបង្ហាញពីអ្នកឧកញ៉ា សៀ ឬទ្ធី នៃក្រុមហ៊ុន WorldBridge Sport Willage ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា ដែលក្រុមហ៊ុនសាងសង់នេះ បានបំពេញកាតព្វកិច្ច ក្នុងការបង្ហាញវឌ្ឍនភាពការងារ សាងសង់ឲ្យទាន់ពេលវេលា។

ជាមួយគ្នានោះ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានអះអាងជាថ្មីថា ដំណើរការសាងសង់នេះ នឹងសម្រេចបានតាមផែនការ និងមិនធ្វើឲ្យខូចកិត្តិយសជាតិនោះទេ ដោយដំណើរការសាងសង់ នឹងធ្វើឲ្យបានរួចរាល់តាមផែនការ។

លោកអគ្គលេខាធិការបន្ថែមថា «ការអះអាងរបស់ក្រុមហ៊ុនសាងសង់នេះ បានធ្វើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC មានទំនុកចិត្តខ្ពស់ ក្នុងការត្រៀមខ្លួនគ្រប់ទម្រង់ទាំងអស់ ដើម្បីត្រៀមឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្វីដែលសំខាន់ គឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនាបានជំរុញឲ្យ ក្រុមហ៊ុនសាងសង់បន្តសកម្មភាព សាងសង់ឲ្យសម្រេចបានទាន់ពេលវេលា និងបន្ថែមនូវតម្រូវការចាំបាច់ ផ្នែកបច្ចេកទេសមួយចំនួនទៀត ដែលលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានលើកឡើង»។

«ដូច្នេះ ភូមិកីឡានេះ គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ ដោយភូមិកីឡានេះនឹងទទួលការស្នាក់នៅ ហូបចុករបស់ប្រតិភូអត្តពលិក ក្នុងកម្រិតស្តង់ដាអន្តរជាតិ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូជាតិ ក្នុងពេលទទួលព្រឹត្តិការណ៍ កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ជារួម នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំ CAMSOC ទទួលបានភាពកក់ក្តៅនៃ ដំណើរការវឌ្ឍនភាពការងារ សាងសង់ភូមិកីឡានេះ តាមផែនការ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា តាមផែនការ ដំណើរការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវបញ្ចប់ នាចុងឆ្នាំ២០២២ ដោយភូមិកីឡានេះអាចបម្រើ ដល់ការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេស ប្រមាណ ១ម៉ឺននាក់ ក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕


