
ភ្នំពេញ៖កាលល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន ប្រកួតវិញ្ញាសាប្រណាំង រទេះប្រភេទT54 ចម្ងាយ១០០ម៉ែត្រប្រជែងបានចំណាត់ថ្នាក់លេខ៧ នៃវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិកាណ៍ ការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០(2020 Tokyo Paralympic Games)។
កីឡាករកម្ពុជារូបនេះប្រជែងមិនបាន មេដាយមែនតែគេ បានបង្កើតនូវកំណត់ត្រាថ្មី ដោយចម្ងាយ១០០ម៉ែត្រគេប្រើថិរវេលាត្រឹមតែ១៤,២១វិនាទីប៉ុណ្ណោះ ។ ចំពោះមេដាយមាសបានទៅលើកីឡាករថៃឈ្មោះ Athiwat Paeng-Nuea ប្រើថិរវេលា១៣,៧៦វិនាទី មេដាយប្រាក់បានទៅអតីតម្ចាស់មេដាយមាសទីក្រុង រីយ៉ូប្រទេសប្រេស៊ីលឆ្នាំ២០១៦ឈ្មោះ Lao Pekka Tahti មកពីប្រទេសហ្វាំងឡង់ដោយប្រើថិរវេលា១៣,៨៥វិនាទី និងមេដាយសំរិទ្ធបានទៅ កីឡាករម៉ិកស៊ីកូឈ្មោះ Juan Pablo Garcia ដែលប្រើថិរវេលា១៣,៨៧វិនាទី ។


កីឡាករ វ៉ាន វ៉ុន បានបំបែកថិរវេលាចាស់របស់ខ្លួន ដែលធ្វើក្នុងវគ្គជម្រុះកាល(Heat-1)ដែលធ្វើពីព្រឹកដោយប្រើថិរវេលា១៤,៣៩វិនាទី ចំពោះកីឡារដែលជាប់ចំណាត់ថ្នាក់ក្រោយគេក្នុងវគ្គផ្ដាច់ព្រ័ត្រគឺកីលាករមកពីហូល្លង់ឈ្មោះ Kenny Van Weeghel ធ្វើក្នុងថិរវេលា១៤,៥៣វិនាទី ៕ដោយ៖លី ភីលីព
