កីឡា

Ronaldo ​ថា​រូបគេ​នឹង​បន្ដ​រក​គ្រាប់​បាល់ ​បាន​ច្រើន​ទៀត ​មិន​​ត្រឹម​ ១១១​គ្រាប់​នេះ​ទេ​

Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​លើ​ឆាក​អន្តរជាតិ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ​ដោយ​មាន​១១១​គ្រាប់​ហើយ ខណៈ​ដែល​កំណត់ត្រា​អ្នក​ចាស់​មាន​ត្រឹម​១១០​គ្រាប់​ប៉ុណ្ណោះ។

​ក្រោយ​ពី​ជួយ​ក្រុម​ព័រទុយហ្គាល់​វាយ​បក​យក​ឈ្នះ​ក្រុម​សាធារណរដ្ឋអៀរឡង់​បាន​វិញ​ហើយ​នោះ ​Ronaldo ​ក៏​បាន​និយាយ​ពី​រឿង​បំបែក​កំណត់ត្រា​របស់​ខ្លួន​ដែរ​ថា​៖ “គ្រប់​កំណត់ត្រា​ដែល​ខ្ញុំ​បង្កើត​ឡើង ​នេះ​ជា​កំណត់​ត្រា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ ​និង​ខ្ញុំ​ក៏​មាន​មោទកភាព​ចំពោះ​វា​ផង​ដែរ ព្រោះ​គ្រប់​ពេល​ខ្ញុំ​លេង​ឱ្យ​ជម្រើស​ជាតិ​សុទ្ធ​តែ​ពេល​ពិសេស​ទាំង​អស់”។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ក៏​បាន​បន្ថែម​ទៀត​ថា​គ្រាប់​បាល់​ទាំង​អស់​នេះ ​ក៏​កើត​ចេញ​ពី​ការ​ជួយ​ពី​សំណាក់​មិត្ត​រួម​ក្រុម​ផង​ដែរ។ “អរគុណ​សម្រាប់​ការ​លេង​ជា​ក្រុម​បាន​ល្អ ​និង​អរគុណ​ដល់​ដៃ​គូ​ប្រកួត​ផង​ដែរ​ដែល​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​កន្លង​មក​សុទ្ធ​តែ​ពិសេស​និង​មិន​អាច​បំភ្លេច​បាន។ ​សូម​បន្ដ​ជួប​គ្នា​នៅ​លើ​ទីលាន​ទៀត​នៅ​ឆ្នាំ​មុខ ​ខ្ញុំ​មិន​ទាន់​បិទ​បញ្ចប់​ការ​រក​គ្រាប់​បាល់​ត្រឹម​នេះ​ទេ”​៕​

ប្រភព៖http://sabay

Most Popular

To Top