អ្នកប្រដាល់ល្បីឈ្មោះ របស់ហ្វីលីពីន Manny Pacquiao បានប្រកាសកាលពីពេលកន្លងទៅថា លោកនឹងឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២២ខាងមុខនេះ។
ការប្រកាសផ្ដោតលើឆាកនយោបាយនេះ បានធ្វើឱ្យគេចាប់អារម្មណ៍ទៅលើអាជីព ប្រដាល់របស់លោកវិញ ដែលប្រកួតចុងក្រោយកន្លងទៅចាញ់ Yordenis Ugas ដោយពិន្ទុ។ ខណៈដែលមានដំណឹងថា ចង់មកសងសឹកវិញថែមទៀតនោះ។ យ៉ាងណាមិញ កីឡាករវ័យ៤២ឆ្នាំខាងលើ បានបញ្ជាក់ថាការឡើងសង្វៀន របស់លោកគឺចប់សព្វគ្រប់ហើយ (Done)។ ដោយនេះសបញ្ជាក់ថាការប្រកួតទល់ Ugas ជាការប្រកួតចុងក្រោយ របស់ស្ដេចប្រដាល់អាស៊ីនេះហើយ។

”អាជីពប្រដាល់របស់ខ្ញុំ? អាជីពប្រដាល់របស់ខ្ញុំគឺចប់រួចរាល់ហើយ។ វារួចរាល់ព្រោះខ្ញុំ បានចំណាយពេលច្រើនឆ្នាំជាមួយអាជីពប្រដាល់នេះ ហើយគ្រួសាររបស់ខ្ញុំ បាននិយាយថាវាគ្រប់គ្រាន់ហើយ។ ខ្ញុំបន្ដប្រកួតកន្លងទៅ ព្រោះខ្ញុំងប់ងល់នឹងកីឡានេះ”។ សម្ដីរបស់ Pacquiao ។
អ្នកប្រដាល់ដែលចាប់ផ្ដើមអាជីពតាំងពីឆ្នាំ១៩៩៥មកនេះ ឈ្នះខ្សែក្រវ៉ាត់ជាច្រើនគ្រឿងក្នុងការប្រកួត៧២ប្រកួត ឈ្នះ៦២ប្រកួត (39 KO) ចាញ់៨ប្រកួត និងស្មើ២ប្រកួត៕ ប្រភព៖ សប្បាយ
