ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សម្តេចពិជ័យសេនា ប្រធាន CAMSOC បានត្រួតពិនិត្យបន្ថែម លើគ្រោងឆ្អឹង នៃព្រះរាជពិធី សុំភ្លើង អាទិទេព គ្រោង នឹងធ្វើពិធីនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ហើយក៏មានពិធីរត់ភ្លើង គប់ចេញពីកម្ពុជា ចេញទៅបណ្តាប្រទេស អាស៊ីអាគ្នេយ៍ រួចហើយរត់ត្រឡប់ ចូលមកកម្ពុជា នៅជុំវិញបឹងទន្លេសាប ឆ្ពោះមកពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាកន្លែងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣តែម្តង ដោយបានកំណត់ កាលបរិច្ឆេតរួចរាល់ហើយ ។
ចំពោះគម្រោងពិធីបើក-បិទស៊ីហ្គេម ២០២៣ ត្រូវបានពិនិត្យយ៉ាង យកចិត្តទុកដាក់បន្ថែមទៀត ដោយបានរៀបចំផែនការ គោលសំខាន់ៗអស់ហើយៗ ត្រូវបន្តបំបែកកម្មវិធីលម្អិត ដូចជានៅក្នុងកម្មវិធីបើក-បិទនេះ មានទស្សនីយភាព ការធនធានសម្តែង សម្ភារ និងគម្រោងថវិកាជាដើម ។
លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ចំពោះការរត់ភ្លើងគប់នេះ ត្រូវធ្វើការរួមគ្នាសម្រាប់ពិធីរត់ក្នុងប្រទេស គឺជាការសហការគ្នាជាមួយអាជ្ញាធរខេត្ត ខណៈពិធីរត់ភ្លើងគប់នៅបណ្តាប្រទេសទាំងអស់ នៅអាស៊ីអាគ្នេយ៍ត្រូវសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ និងបណ្តាស្ថានទូតកម្ពុជា ប្រចាំប្រទេសនីមួយៗ ដោយCAMSOC បានកំណត់កាលបរិច្ឆេតរួចហើយថា ប្រទេសណាត្រូវរត់ភ្លើងគប់នេះ ពីថ្ងៃណាដល់ថ្ងៃណា ហើយការត់ក្នុងស្រុកត្រូវរត់ពីថ្ងៃណាដល់ថ្ងៃណា ដែលពេលវេលាទាំងអស់នេះ ត្រូវបានកំណត់ជាគោលការណ៍រួចហើយ ។
សម្រាប់កម្មវិធីរត់ភ្លើង គប់នេះត្រូវបានរៀបចំ នៅក្នុងកូនសៀវភៅ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា ដោយគ្រាន់តែអ្នកជំនាញ អនុវត្តតាមគោលការណ៍ដែលបានកំណត់នេះ រួចហើយលើកម្មវិធីបើក និងកម្មវិធីបិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព ការរត់ភ្លើងគប់ ដែលមានភាពលម្អិត ស៊ីជម្រៅច្បាស់លាស់ ។ ទាំងអស់នេះគឺជាដំណើរវឌ្ឍនភាព ការងាររបស់ CAMSOC ដើម្បីឈានឆ្ពោះទៅធ្វើការលម្អិត រួមបញ្ជូលគ្នានៃផែនការនីមួយៗ ដើម្បីឲ្យមានការទទួលខុសត្រូវខ្ពស់ ជាក់លាក់ប្រកបដោយប្រសិទ្ធភាព ៕