ភ្នំពេញ ៖ វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា (NOCC) បានបញ្ចប់ ដោយជោគជ័យ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីដំណើរការ១ សប្តាហ៍មកនេះ ក្នុងឳកាសពិធីបិទវគ្គ ដោយមានអញ្ជើញ ពីលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា ។
លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានប្រាបឲ្យដឹងថា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំក្រេបជញ្ជក់ ចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូកីឡាការិនីជម្រើសជាតិ ដឹងពីគ្រូឧទ្ទេសបរទេស ។
វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ដែលសហព័ន្ធមានឱកាសទទួល បានការបណ្ដុះបណ្ដាលនេះ ហើយ តាមរយៈវគ្គនេះ គឺជាចំណែក ដ៏សំខាន់ផងដែរ ដើម្បីឲ្យសហព័ន្ធពង្រីកវិសាលភាព កាន់តែធំ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។
លោកបន្តថា សហព័ន្ធកីឡាហុកគីកម្ពុជាទទួលបាន កិត្តិយស សម្រាប់ដំណើរឆ្ពោះទៅ SEA GAMES ២០២៣នេះ បន្ទាប់ពីការសម្រេច ពីគណៈកម្មាធិការជាតិ រៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។ ចំពោះលទ្ធផលនៃការសិក្សាមានសិក្ខាកាម៩រូបបានទទួនិទ្ទេសល្អណាស់ គឺស្មើនឹង៣៦ភាគរយ សិក្ខាកាមចំនួន១០រូប ស្មោះនឹង៤០ភាគរយ បានទទួលនិទ្ទេសមធ្យម និងសិក្ខាកាមចំនួន៦រូប ស្មើនឹង២៤ភាគរយ បានទទួលនិទ្ទេសមធ្យម ។ វគ្គសិក្សានេះមានសិក្ខាកាម ជាគ្រូបង្វឹកនិងកីឡាការិនីជម្រើស ជាតិ សរុបចំនួន២៥នាក់ ក្នុងនោះមាននារី១៧នាក់ ដោយបង្ហាត់បង្រៀនពីគ្រូឧទ្ទេសបរទេស ៣នាក់ តាមប្រព័ន្ធ Zoom ជាជនជាតិប៉ាគីស្ថាន ២នាក់និង គ្រូអេហ្ស៊ីបម្នាក់ ។
វគ្គសិក្សាសាមគ្គី អូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១នេះ អាចដំណើរការបាន តាមរយៈការឧបត្ថម្ភគាំទ្រ ពីអង្គការសាមគ្គីអូឡាំពិក (OS) ក្រោមការសម្របសម្រួល ពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងគ្រូឧទ្ទេសផ្តល់ដោយសហព័ន្ធកីឡាហុកគី អន្តរជាតិ (FIH)។ វគ្គគ្រូបង្វឹកកីឡាហុកគីនេះ ផ្តោតសំខាន់លើមេរៀនសំខាន់ៗ ដូចជា សេចក្តីផ្តើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រង ហានិភ័យ (Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់ សារជាតិញៀន (Anti-Doping) បទបញ្ជាការប្រកួតហ្គេម ការស៊ុតបាល់ ការបញ្ជូនបាល់ ការទទួល ការស៊ុតបញ្ចូលទី ការការពារ និងអ្នកចាំទីជាដើម ៕