កីឡា

ប្រភព​ជិត​ស្និទ្ធ​ថា​ Ronaldo គិត​តែ​ពី​ហ្វឹកហាត់​ រហូត​ដល់​ថ្នាក់​ Sir Alex ឃាត់​ឲ្យ​ឈប់​ ទើប​ព្រម​ឈប់

លោក​ Nicky Butt អតីត​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Manchester United កំឡុង​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០០៤ បាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ Viva Ronaldo!: The Second Coming of Cristiano ថា​កាល​លោក​នៅ​លេង ​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo កីឡាករ​រូប​នេះ​គិត​តែ​ពី​ហ្វឹកហាត់​រហូត​សល់​តែ​ម្នាក់​ឯង​នៅ​លើ​ទីលាន​ ដល់​ថ្នាក់​លោក​ Sir Alex Ferguson ឃាត់​ឲ្យ​ឈប់​ ទើប​គេ​ព្រម​ឈប់​។

លោក​ Butt បាន​លើក​ឡើង​ថា​ Ronaldo ទេពកោសល្យ​របស់​គេ​មួយ​មុខ ​គឺ​មិន​អាច​ធ្វើ​ឲ្យ​គេ​ឈាន ​ដល់​​ចំណុច​កំពូល​ជាប់​អញ្ចឹង​ទេ ​។ គេ​ជា​កីឡាករ​ដែល​ខិត​ខំ​ ដាក់​ចិត្ត​ដាក់​កាយ​ទាំង​ស្រុង ​ដើម្បី​ហ្វឹកហាត់​តែ​ម្ដង​។ ដូច​កាល​គេ​មក​ដំបូង​អញ្ចឹង​ កាយ​សម្បទា​គេ​គឺ​ថា ​ស្បែក​គ្រប​ឆ្អឹង​ដូច​ទាំង​យើង ​ទាំង​អស់​គ្នា​ ហើយ​ដោយ​សារ​តែ​នៅ​ Premier League នេះ​គឺ​ត្រូវ​ការ​កីឡាករ​មាន​កាយ​សម្បទា​ខ្ពស់​ Ronaldo គេ​ខិត​រាប់​ឆ្នាំ​ ដើម្បី​ទទួល​បាន​រាង​កាយ ​ដូច​ឃើញ​ឥឡូវ​នេះ​ ។

បើ​យោង​តាម​ការ​ចុះ​លើក​ឡើង ​របស់​លោក​ក្នុង​សៀវភៅ​ដដែល​នេះ ​បាន​ឲ្យ​ដឹង​ថា​ Ronaldo គេ​ជា​មនុស្ស​ខិតខំ​ណាស់​ ហ្វឹកហាត់​មិន​ចេះ​ឈប់​ ដូច​កាល​មុន​គេ​អត់​ទាន់​មាន​សង្សារ​ ប្រពន្ធ​កូន​អញ្ចឹង​ គេ​គិត​តែ​ពី​ហាត់​ អ្នក​ខ្លះ​តែ​ចុង​ម៉ោង ​អី​គេ​ប្រញាប់​ទៅ​ផ្ទះ​អី​អស់​ហើយ​ តែ​គេ​នៅ​តែ​ហ្វឹកហាត់​ រហូត​ដល់​នៅ​តែ​ម្នាក់​ឯង​នៅ​លើ​ទីលាន​ និង​ចេញ​ក្រោយ​គេ​រហូត ​។ ពេល​ដល់​ម៉ោង​ហូប​អាហារ​មុន​ទៅ​ផ្ទះ​អី​ Ronaldo នៅ​ហាត់​ទៀត​ ដល់​ថ្នាក់​លោក​ Sir Alex Ferguson ទៅ​ឃាត់​ឲ្យ​ឈប់​ ទើប​ព្រម​ឈប់​ ។

សូម​រំលឹក​ផង​ដែរ​ថា​ Ronaldo មក​លេង​នៅ​ Man Utd ដំបូង​នៅ​កំឡុង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩ ដោយ​ចូល​រួម​លេង ​បាន​២៩២ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​១១៨គ្រាប់ ​។ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ កីឡាករ​នេះ​ត្រលប់​មក​សារ​ជា​ថ្មី ​ដោយ​មក​ទល់​នឹង​ពេល​នេះ ​ចូល​លេង​បាន​ ៥ប្រកួត​ និង​រក​បាន​៥គ្រាប់​ ៕

Most Popular

To Top