កីឡា

បទភ្លេង សម្រាប់ការគោរពទង់ SEA GAMES និង ការដាក់បញ្ជូល នូវមូលដ្ឋាន នៃវប្បធម៌ អរិយធម៌ខ្មែរ គឺជារឿងសំខាន់

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាន៍ថា បណ្តាប្រទេស អាស៊ីអាគ្នេយ៍បានស្នើសុំឲ្យកម្ពុជា ជួយនិពន្ធបទភ្លេង សម្រាប់ការគោរពទង់ SEA GAMES សម្រាប់ការប្រើប្រាស់ ក្នុងពេលស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តយកទៅប្រើប្រាស់ សម្រាប់ SEA GAMES ជាបន្តបន្ទាប់នាពេលខាងមុខ ។

អ្វីដែលកំពុងធ្វើនាពេលនេះ គឺលម្អិតទៅលើការសម្តែង ទាំងការសម្តែង សម្លៀកបំពាក់ បទចម្រៀង ជាដើមនោះ គឺត្រូវបានលោកបណ្ឌិត ថោង ខុន ជំរុញឲ្យគណៈកម្មការជំនាញ ធ្វើឲ្យបានល្អប្រសើរ គ្រប់ជ្រុង ជ្រោយប្រកប ដោយប្រសិទ្ធភាពខ្ពស់ ។ នេះជាការលើកឡើង របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងជាអនុប្រធាន អាចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងអង្គប្រជុំ នាព្រឹកថ្ងៃទី១២តុលា ។

នៅខែក្រោយនេះ CAMSOC នឹងផ្តោតសំខាន់ទៅលើការ ការបញ្ចាំងរូបភាព 3D ជាមួយនឹងអ្នកជំនាញការ មកពីប្រទេសចិន ដោយក្នុងនោះយើងនឹង បន្ស៊ីគ្នា ជាមួយការដាក់បញ្ជូល នូវមូលដ្ឋាននៃវប្បធម៌អរិយធម៌ខ្មែរ ទៅក្នុងបច្ចេកវិទ្យា ទំនើប ដើម្បីធ្វើឲ្យផ្ទាំងទស្សនីយភាព នៃពិធីបើកបិទ SEA GAMES -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែអស្ចារ្យ និងជាកំណត់ត្រា ជាប្រវត្តិសាស្ត្រជាលើកដំបូង របស់កម្ពុជា។

លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា អ្វីដែលចាប់អារម្មខ្លាំងបំផុត គឺ CAMSOCកំពុងធ្វើកម្មវិធី បើកស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យមានលក្ខណៈអស្ចារ្យ និងទាក់ទាញបំផុត ជាងកម្មវិធីផ្សេងៗទៀត ។ នោះគឺបញ្ហាលើការគោរព ទង់ស៊ីហ្គេម មិនទាន់មានបទភ្លេង ក្នុងពេលគោរពទង់ SEA GAMES នៅឡើយទេ ។ កន្លងមក ក្នុងពេលគោរពទង់ស៊ីហ្គេម បណ្តាម្ចាស់ផ្ទះ SEA GAMES នានា ចាក់បទ ភ្លេងផ្សេងៗ ពោលគឺមិនទាន់មានបទភ្លេង១ ត្រូវបានប្រើប្រាស់ជារួម តែមួយ សម្រាប់ម្ចាស់ផ្ទះ នីមួយៗនោះទេ ។ ដូច្នេះហើយបណ្តា ប្រទេស អាស៊ីអាគ្នេយ៍ បានឯកភាពគ្នា ស្នើសុំលោកបណ្ឌិត ថោង ខុន ក្នុងពេល លោកបណ្ឌិតក្លាយជាប្រធាន ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជួយរៀបចំ និពន្ធបទភ្លេង គោរពទង់ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ ហើយបន្តយកទៅប្រើប្រាស់ សម្រាប់ SEA GAMES នាពេលខាងមុខជាបន្តបន្ទាប់ ។

ក្រោយពី SEA GAMES នៅកម្ពុជាទៅក្រោមភាព ជាអ្នកដឹកនំា របស់លោកបណ្ឌិតថោង ខុន ជាប្រធានប្តូរវេននោះនឹង ត្រូវចារចូលក្នុងកំណត់ត្រា ប្រវត្តិសាស្ត្រអាស៊ានថា បទភ្លេងគោរពទង់ស៊ីហ្គេមត្រូវបានបង្កើតឡើងនៅ SEA GAMES លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា ។ កន្លែងនេះ គឺជាចំណុចពិសេស ដែលយើងនឹងព្យាយាមធ្វើឲ្យបានសម្រេច ដើម្បីជាមោទនភាពជាតិកម្ពុជា យើងទាំងមូលក៏ដូចជាបង្ហាញ ជូនមិត្តអន្តរជាតិថា កម្ពុជាពិតជាមានសមត្ថភាពអាចធ្វើទៅបាន ដោយអាចធ្វើឲ្យមានភាពប្រែប្រួល លក្ខណៈពិសេសលើចំណុច មួយចំនួន»។

លោកអគ្គលេខាធិការក៏បានបន្ថែមថា ក្រោយពីទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានCAMSOC ឯកឧត្តមបណ្ឌិតថោង ខុន បន្តដឹកនាំត្រួតពិនិត្យវឌ្ឍនភាព ការងារពិធី បើក-បិទស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគ្រោងឆ្អឹងសំខាន់ៗ ប្រក្រតីទិនការងារផែនការ សកម្មភាពការគ្រប់គណៈកម្មការ ជំនាញរបស់ខ្លួនត្រូវបានរៀបចំ រួចរាល់អស់ហើយប៉ុន្តែអ្វី ដែលសំខាន់គឺលម្អិតនៃតួនាទីភារៈកិច្ច របស់ភាគី ពាក់ព័ន្ធទាំងអស់ ឲ្យបាន ជ្រួតជ្រាប កាន់តែស៊ីជម្រៅ លើកម្មវិធីបើក បិទលម្អិតឬលំហូរ នៃកម្មវិធីនីមួយៗ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយឲ្យ កាន់តែច្បាស់លាស់ រួម ទាំងផ្ទាំងទស្សនីយភាព សម្តែង ពីមួយទៅមួយជាដើម ។ ការរៀបចំកម្មវិធីទាំងអស់ យ៉ាងលម្អិតនេះ គឺដើម្បីសម្រួចធ្វើយ៉ាងណា ឲ្យមានភាពរលូនមិនឲ្យមានអ្វី ដែលជាឧបស័គ្គអ្វីឡើយ ៕

Most Popular

To Top