កីឡា

ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សំណេះសំណាល់ជាមួយ ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ព្រមទំាងមន្រី្តការប្រកួត SEA GAMES 2023

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញសំណេះ សំណាល់ជាមួយម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ព្រមទំាងមន្រី្តនៅសណ្ឋាគារ ភ្នំពេញ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្នុងនោះក៏មានការឧបត្ថម្ភទឹកប្រាក់ចំនួន ១០០លានរៀលពីក្រុមហ៊ុនឆាមពានគ្រុប។


សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដណ្តើមបានមេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ចំណែកកីឡាប្រដាល់ ឃីកបុកស៊ីងដណ្តើមបានមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។


លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទីប្រឹក្សាជាន់ខ្ពស់នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សំណេះសំណាល់ និងជប់លៀងជាមួយម្ចាស់មេដាយ សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ កីឡាប្រដាល់ ឃីកបុកស៊ីង ព្រមទំាងមន្រ្តីបច្ចេកទេសទំាងអស់ដើម្បី លើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងក្នុងការប្រកួត SEA GAMES ២០២៣ ។


លោកប្រធានសហព័ន្ធបានបន្តថា ជាពិសេសនោះដែរ ក្នុងនាមលោកប្រធានសហព័ន្ធ និងកីឡាករ-កីឡាការិនី មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនអាចបំភ្លេចបានក្រុមហ៊ុនភាពជាដៃគូ គឺក្រុមហ៊ុនឆាមពានគ្រុបដោយបានឧបត្ថម្ភទឹកប្រាក់ចំនួន ១០០ លានរៀលជូនសហព័ន្ធយើង។ ការឧបត្ថម្ភរបស់ក្រុមហ៊ុនឆាម ពានគ្រុបជាការរួមចំណែកដ៏ធំធេងក្នុងការអភិឌ្ឍន និងលើកស្ទួយវិស័យប្រដាល់គុនខែ្មររបស់ដូនតាយើង។


សកម្មភាពទំាងនេះបានយល់ជ្រួតជ្រាប ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ៕

Most Popular

To Top