កីឡា

ក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាម ស្ថិតក្នុងពូលដ៏មានពន្លឺថ្លាបំផុតក្នុងការប្រកួត U23 AFF Cup

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រវៀតណាម Vnexpress បានប្រាប់ឲ្យដឹងថា ការចាប់ឆ្នោតព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពានរង្វាន់ U23 AFF Cup កាលថ្ងៃចន្ទនេះ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ស្ថិតក្នុងពូល C ជាមួយហ្វីលីពីន និងឡាវ។

ចំណែកពូល A មាន ប្រ៊ុយណេ កម្ពុជា មីយ៉ាន់ម៉ា និងថៃ ខណៈពូល B មាន ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

ក្រុមដែលឈ្នះក្នុងពូលទាំង៣ និងក្រុមរងបានល្អជាងគេ នឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ពានរង្វាន់ U23 AFF Cup 2023 នឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី ១៧ ដល់ ២៦ ខែសីហា។

ចំពោះវៀតណាម ជាក្រុមការពារជើងឯក។ ការប្រកួតឆ្នាំ ២០២២ វៀតណាម បានខកខានកីឡាករជាច្រើនដោយសារតែ Covid-19 ហើយត្រូវបន្ថែមក្រុមជាច្រើនផងដែរ។

យ៉ាងណាក៏ដោយ គ្រូបង្វឹក Dinh The Nam បានដឹកនាំក្រុមយកឈ្នះថៃ និងសិង្ហបុរីក្នុងពូល ហើយបន្ទាប់មកទីម័រខាងកើតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គផ្ដាច់ព្រ័ត្រ វៀតណាម ជួបថៃ ម្ដងទៀត ហើយឈ្នះពានដោយគ្រាប់បាល់តែមួយគ្រាប់របស់ Tran Bao Toan។

ការប្រកួតឆ្នាំនេះ សហព័ន្ធបាល់ទាត់វៀតណាម (VFF) នឹងអនុញ្ញាតឲ្យកីឡាករ U20 ជាចម្បង ដើម្បីជួយដល់កីឡាករវ័យក្មេង ទទួលបានបទពិសោធន៍កាន់តែច្រើន។

គ្រូបង្វឹកក្រុមជម្រើសជាតិលោក Philippe Troussier នឹងមិនដឹកនាំក្រុមនៅ AFF Cup ទេ។

ជំនួសមកវិញ គ្រូបង្វឹកក្នុងស្រុកដែលភាគច្រើនទំនងជាលោក Hoang Anh Tuan បានជួយវៀតណាម ក្នុងវគ្គជម្រុះ U20 World Cup នឹងមកដឹកនាំក្រុម។

វៀតណាម នឹងប្រកួតបើកឆាកជាមួយឡាវនៅថ្ងៃទី២០ ខែសីហា បន្ទាប់មក ពួកគេនឹងប្រកួតជាមួយហ្វីលីពីនពីរថ្ងៃបន្ទាប់៕ ដោយ៖លី ភីលីព

Most Popular

To Top