កីឡា

លោក​ ថោង ខុន ចូលរួមការរៀបចំផែនការ នៃការប្រកួតកីឡា ទូកក្តោងជើងឯក អាស៊ីអាគ្នេយ៍ ឲ្យទទួលបានជោគជ័យ

ភ្នំពេញ៖ ក្នុងនាមប្រធានគណៈកម្មការរៀបចំ ការប្រកួតកីឡាទូកក្តោងជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ លោកបណ្ឌិត ថោង ខុន បានដឹកនាំកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាទូកក្តោងជើងឯក អាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ដែលគ្រោងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យ។

តាមគ្រោងទុកព្រឹត្តិការណ៍នេះ នឹងមានប្រតិភូកីឡាករមន្ត្រីបច្ចេកទេសអន្តរជាតិ ប្រមាណ១៥០នាក់ ដែលចំនួននេះនៅកម្ពុជា មានលទ្ធភាព ក្នុងការគ្រប់គ្រងបានល្អ ទាំងការរៀបចំបដិសណ្ឋារកិច្ច ដែលផ្តោតលើការស្នាក់នៅ ហូបចុកយ៉ាងល្អ ដើម្បីជាកិត្តិយសជាតិយើង ដើម្បីជាការធ្វើការសាកល្បងរបស់យើងមកដែរ អ៊ីចឹងយើងធ្វើយ៉ាងណា ឲ្យមានការទទួលខុសត្រូវ ចំពោះការធ្វើបដិសណ្ឋារកិច្ច ឲ្យទទួលបានជោគជ័យ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាវិធានការទប់ស្កាត់ កូវីដ-១៩ផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំSEA GAMES ឆ្នាំ២០២៣(CAMSOC) និងជាអនុប្រធានអចិន្រ្តៃ គណៈកម្មការទូកក្តោងជើងឯក អាស៊ីអាគ្នេយ៍នេះ មានប្រសាសន៍ថាគោលដៅចម្បង នៃការទទួលធ្វើម្ចាស់ផ្ទះ ទូកក្តោង ចុងឆ្នាំ២០២១នេះ គឺដើម្បីឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកិត្តយសរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ អន្តរជាតិនេះផងដែរ។ តាមគោលការណ៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានCAMSOC បានដាក់គោលដៅ នៃការរៀបចំប្រកួតកីឡាទូកក្ដោងអន្តរជាតិ នៅអាស៊ីអាគ្នេយ៍នេះ ជាចលនា ឬក៏ជាព្រឹតិ្តការណ៍មួយ ដើម្បីបំផុសដំណើរការ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើគោលការណ៍នេះ យើងត្រូវបានគណៈកម្មការរៀបចំ ការប្រកួតរៀបចំឲ្យកាន់តែច្បាស់លាស់ ក្នុងការតួនាទី ភារៈកិច្ច នៃគណៈកម្មការជំនាញនីមួយៗ»។

លោក វ៉ាត់ ចំរើន បន្ថែមថា គណៈកម្មការរៀបចំ​ ការប្រកួតកីឡាទូកក្តោងអាស៊ីអាគ្នេយ៍ បានរៀបចំផែនការការងារ និងអ្នកទទួលខុសត្រូវ លើផ្នែកជំនាញនីមួយៗ ហើយយើងនឹងបន្តបើកកិច្ចប្រជុំ ជារៀងរាល់ដើមសប្តាហ៍ ដើម្បីសម្រួចគោលដៅ នៃការរៀបចំនេះ ឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងសិង្ហបុរី បានជួយរៀបចំ លើផ្នែកបច្ចេកទេស ជូនដល់ម្ចាស់ផ្ទះ កម្ពុជា សម្រាប់ទីតាំងប្រកួតលើលំហរសមុទ្រ ដែលព្រឹត្តិការណ៍នេះ គឺស្របតាមគោលដៅ យុទ្ធសាស្ត្រឆ្ពោះទៅ ទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួត កីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចប្រធាន CAMSOC បានសម្រចបង្កើត គណៈកម្មការរៀបចំការ ប្រកួតកីឡាទូកក្តោងជើងឯក អាស៊ីអាគ្នេយ៍ ខេត្តព្រះសីហនុ ឆ្នាំ២០២១ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយគណៈកម្មការនេះដឹកនាំ ដោយលោកបណ្ឌិត ថោង ខុន, លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិក៦រូប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាច្រើនរូប​ នៃអនុគណៈកម្មការជំនាញ-លេខាធិការដ្ឋាន សរុបចំនួន៦៕ ដោយ៖លី ភីលីព

Most Popular

To Top