ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មកទល់នេះ ត្រូវបានធ្វើឡើងចំនួន ២១លើកហើយ តាំងពីបង្កើតនៅឆ្នាំ១៩៣០មក ។ នៅពេលបង្កើតឡើងដំបូងៗ មិនមានប្រទេសអាស៊ីចូល រួមប្រកួតក្នុងព្រឹត្តិការណ៍ ដោយគេត្រូវរង់ចាំដល់ឆ្នាំ១៩៣៨ ទើបមានប្រទេសអាស៊ីទី១ បានចូលរួមប្រកួត ។
ប្រទេសនោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌាខាងកើតហុល្លង់ ដែលបច្ចុប្បន្នឥណ្ឌូណេស៊ី ។ នៅពេលនោះ ប្រទេសអាស៊ី ជាច្រើនបានដកខ្លួនចេញពីវគ្គជម្រុះ ដែលក្នុងនោះមាន ជប៉ុន និងចិន ដោយប្រទេសទាំងពីរនេះ ជាប់ធ្វើសង្គ្រាមនឹងគ្នា។
ឥណ្ឌាខាងកើតហុល្លង់ ត្រូវប៉ះជាមួយក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក តែសហរដ្ឋអាមេរិកក៏ដកខ្លួនចេញពីវគ្គជម្រុះទៅទៀត។ ហេតុនេះហើយ ប្រទេសអាស៊ីមួយនេះក៏ឡើងទៅលេង World Cup នៅប្រទេសបារាំងនៅឆ្នាំ ១៩៣៨តែម្ដង។
ក្នុងពេលនោះដែរ ក្រុមជម្រើសជាតិមួយនេះ បានធ្វើដំណើរតាមកប៉ាល់ទៅប្រទេសបារាំង ដោយចំណាយពេលជាច្រើនសប្ដាហ៍។ យ៉ាងណាក៏ដោយ ប្រទេសមួយនេះលេងប្រកួតតែមួយគត់ក្នុង World Cup ដែលប៉ះនឹងប្រទេសហុងគ្រី។ នៅពេលនោះ ហុងគ្រីបានយកឈ្នះឥណ្ឌាខាងកើតហុល្លង់ ក្នុងលទ្ធផល ៦ ទល់នឹង ០។
សូមបញ្ជាក់ផងដែរថា ចាប់ពីពាក់កណ្ដាលសតវត្សទី ១៩ រហូតពាក់កណ្ដាលសតវត្សទី ២០ ប្រទេសហុល្លង់ បានដាក់ប្រជុំកោះឥណ្ឌូណេស៊ីជាតំបន់អាណានិគមខ្លួន ហើយឲ្យឈ្មោះតំបន់នេះថា ឥណ្ឌាខាងកើតហុល្លង់។
មានមតិមួយចំនួនលើកឡើង ការចូលរួមព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៣៨ របស់ឥណ្ឌាខាងកើតហុល្លង់នេះ ជាការបង្ហាញពិភពលោកពីការចង់បានឯករាជ្យរបស់ប្រជាជាតិ ឥណ្ឌូណេស៊ី ពីហុល្លង់នៅជំនាន់នោះ៕