កីឡា

កីឡាករ ទ្រីយ៉ាត្លុងរុស្ស៊ី អូឡាំពិក ទីក្រុងតូក្យូ បញ្ឈរជើងរយៈពេល ៣ឆ្នាំ បន្ទាប់រកឃើញ ប្រើសារធាតុ ហាមឃាត់ ក្នុងកីឡា

ប្រទេសស្វីស៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មការសម្រេចចិត្ត ដកសិទ្ធិជាផ្លូវការ របស់អត្តពលិកអូឡាំពិកទីក្រុងតូក្យូ ពីបទប្រើប្រាស់សារធាតុហាមឃាត់ ក្នុងកីឡា កីឡាករ Igor Polyanskiy ជនជាតិរុស្ស៊ី ត្រូវបានហាមឃាត់មិនឲ្យលេង រយៈពេល ៣ ឆ្នាំយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កីឡាករ Polyanskiy បានសារភាពថា លោកពិតជាមានការប្រើប្រាស់ សារធាតុហាមឃាត់ក្នុងកីឡា doping ជាមួយ EPO ដែលជាអរម៉ូនបង្កើនកម្លាំង នៅមុនការប្រកួតកីឡាអូឡាំពិក ហើយត្រូវបានហាមឃាត់ រហូតដល់អំឡុងព្រឹត្តិការណ៍ កីឡាប៉ារីសឆ្នាំ ២០២៤ ។

កីឡាទ្រីយ៉ាត្លុងពិភពលោក បានបន្ថែមថា កីឡាករ Polyanskiy មិនបានជំទាស់នឹងតេស្តិ៍វិជ្ជមានរបស់លោក សម្រាប់ការយកសំណាក នៅជំរុំហ្វឹកហាត់មួយ នៅ Vladivostock ប្រទេសរុស្ស៊ី ៥ថ្ងៃមុនពេលលោកចាប់ផ្តើម ប្រកួតនៅតូក្យូ។
ការធ្វើតេស្តិ៍វិជ្ជមាន ត្រូវបានជូនដំណឹង បន្ទាប់ពីលោកបានជាប់ចំណាត់ថ្នាក់ទី ៤៣ ក្នុងការប្រណាំងផ្នែកបុរស និងជួយឲ្យគណៈកម្មាធិការអូឡាំពិករុស្ស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៤ ក្នុងការបញ្ជូនចម្រុះ។ លោកគឺជាបុរសទី ៣១ ក្នុងព្រឹត្តិការណ៍បុរស នៅអូឡាំពិក Rio de Janeiro ឆ្នាំ ២០១៦ ។

កីឡាទ្រីយ៉ាត្លុងពិភពលោក បានអះអាងថា លោក និងក្រុមរុស្ស៊ីត្រូវបានដកសិទ្ធិហើយ លទ្ធផលទីក្រុងតូក្យូរបស់ពួកគេ ត្រូវបានលុបចោល។ ដោយសារតែ Polyanskiy អាយុ ៣១ ឆ្នាំបានសារភាពការចោទប្រកាន់នេះ លោកទទួលបាន ការកាត់បន្ថយ ១ ឆ្នាំពីការដាក់ទណ្ឌកម្មរយៈពេល ៤ ឆ្នាំដែលមានសក្តានុពល ដោយតុលាការពិភពលោកទ្រីយ៉ាត្លុង៕ ដោយ៖លី ភីលីព

Most Popular

To Top