ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការរួមគ្នា រៀបចំយុទ្ធនាការលើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ តាមរយៈការរៀបចំកម្មវិធីមួយឈ្មោះថា “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះ ពេជ្រ និង កោះនរា ។

នាថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងលោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពី“១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជ( NOCC)។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអានជា មូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព ដើម្បីការកសាងធនមនុស្ស និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាមួយដ៏សំខាន់ និងមានឥទ្ធិពលវិជ្ជមាន ក្នុងគោលដៅ អភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និង សង្គមជាតិទាំងមូល។ លោកបានអំពាវនាវឲ្យមានការចូលរួមគាំទ្រកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ” ជាយុទ្ធនាការសង្គមមួយសំខាន់ ក្នុងស្មារតីលើកកម្ពស់ការអាន បណ្តុះ ទម្លាប់អាន ការសិក្សាស្រាវជ្រាវ និង ការបង្កើតវប្បធម៌អាន ដើម្បីឱ្យការអាន ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។

លោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ស្វាគមន៍យ៉ាងកក់ក្តៅនូវគំនិតផ្តួច ផ្តើមដែលធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង គ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត ក្នុងការនាំសិស្សានុសិស្ស មកទស្សនាសារមន្ទីរ ។ សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ថែមទាំងជាស្ថាប័នផ្តោតសំខាន់ទៅលើការអប់រំ និង ចែករំលែកនូវចំណេះដឹងផងដែរ។

លោកបន្តថា “ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជនជំនាន់ក្រោយ ជាសកម្មភាពចម្បងរបស់យើង ខ្ញុំហើយគម្រោងនេះជាផ្នែកថ្មីមួយ នៃកិច្ចសហការដែលសារមន្ទីរបានអនុវត្តកន្លងទៅ ជាមួយនឹងវិស័យធនាគារ និង វិស័យអប់រំ ដើម្បី ជំរុញចំណេះដឹងផ្នែកសេដ្ឋកិច្ច និង ការស្វែងយល់ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាឆន្ទៈនៃការសិក្សារៀនសូត្រក្នុងចំណោមយុវជនជំនាន់ ក្រោយ”។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត បានមានប្រសាសន៍ថា ស្ថាប័នហិរញ្ញវត្ថុរបស់លោកមានការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងក្នុងការរួមចំណែកពង្រឹង វប្បធម៌ខ្មែរ និងលើកកម្ពស់វិស័យអប់រំជាកិច្ចការងារអាទិភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility-CSR) របស់ស្ថាប័ន ។ លោកបន្តថា កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” គឺមិនត្រឹមតែផ្តោតលើការលើក កម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ ប៉ុន្តែជាការយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ ឱកាសឲ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និង ផ្សព្វផ្សាយពីគុណតម្លៃនៃការអាន ឲ្យកាន់តែទូលំទូលាយ។

លោក ដុស ឌីន បានឲ្យដឹងថា អម្រឹត រួមសហការជាមួយនឹងអជ្ញាធរខេត្ត ក៏គ្រោងនឹងរៀបចំកម្មវិធី “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ក្នុងថ្ងៃតែមួយ(ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦) នៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង រតនគិរី ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឲ្យ កាន់តែទូលំទូលាយ ផងដែរ៕
ដោយ៖លី ភីលីព
