បរទេស៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានប្រកាសជាផ្លូវការនូវចេតនាក្នុងការបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី ៤ ដែលអាចឱ្យលោកកាន់តំណែងនេះរហូតដល់ឆ្នាំ ២០៣១។
ការសម្រេចចិត្តដែលជាការកែប្រែជំហរទាំងស្រុងពីការសន្យាកាលពីមុននេះ ត្រូវបានគេមើលឃើញថាជាការបង្កើតការប្រកួតប្រជែងអំណាចដ៏តានតឹងថ្មីមួយទៀត ជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
មន្ត្រីជាន់ខ្ពស់សញ្ជាតិស្លូវេនីរូបនេះ បានជម្រាបជូនថ្នាក់ដឹកនាំសមាគមបាល់ទាត់ជាសមាជិក អំពីផែនការបន្តតំណែងរបស់លោក ក្នុងកិច្ចប្រជុំសំខាន់មួយនៅទីក្រុងបែរឡាំង។ ការសម្រេចចិត្តនេះ គឺជាការប្តូរជំហរ ១៨០ ដឺក្រេ ធៀបនឹងការប្រកាសកាលពីមុនរបស់លោកដែលធ្លាប់បានអះអាងថានឹងចុះចេញពីតំណែងនៅឆ្នាំ ២០២៧ បន្ទាប់ពីការកែសម្រួលលក្ខន្តិកៈរបស់ UEFA។
ការសម្រេចចិត្តបន្តកាន់តំណែងរបស់លោក Ceferin ត្រូវបានចាត់ទុកជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរ» មួយទៀតទៅលើលោក Gianni Infantino ប្រធាន FIFA ការប្រឆាំងនឹងផែនការពាណិជ្ជកម្មរបស់ FIFA៖ UEFA ក្រោមការដឹកនាំរបស់លោក Ceferin គឺជាកម្លាំងចម្បងដែលតែងតែរារាំង និងរិះគន់គម្រោងពង្រីកពាណិជ្ជកម្ម និងកាលវិភាគប្រកួតរបស់ FIFA ដូចជាការពង្រីកពានរង្វាន់ FIFA Club World Cup និងគម្រោងពាណិជ្ជកម្មផ្សេងៗដែលទាក់ទាញវិនិយោគិនឯកជន។
ការបន្តដឹកនាំរបស់លោក Ceferin នឹងធានាថា UEFA នៅតែរក្សាជំហររឹងមាំក្នុងការការពារផលប្រយោជន៍បាល់ទាត់ទ្វីបអឺរ៉ុប និងទប់ទល់នឹងឥទ្ធិពលរបស់ FIFA ជុំវិញភាពចម្រូងចម្រាសផ្នែកអភិបាលកិច្ចកីឡាបាល់ទាត់សកលលោក។
ការប្រកាសនេះកើតឡើងស្របពេលដែលលោក Gianni Infantino និង FIFA កំពុងប្រឈមនឹងសម្ពាធ និងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សហព័ន្ធបាល់ទាត់នៅអឺរ៉ុប ជុំវិញបញ្ហាតម្លាភាព ការសម្រេចចិត្ត និងកាលវិភាគប្រកួតដែលកាន់តែចង្អៀត ដែលធ្វើឱ្យកីឡាករ និងក្លិបធំៗនៅអឺរ៉ុបបង្ហាញការមិនពេញចិត្តជាខ្លាំង។
វត្តមានបន្តរបស់លោក Aleksander Ceferin រហូតដល់ឆ្នាំ ២០៣១ នឹងធ្វើឱ្យសមរភូមិនយោបាយកីឡាបាល់ទាត់រវាង UEFA និង FIFA កាន់តែក្តៅគគុកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ គីរី
