បរទេស៖ វីរបុរសខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស លោក Gary Lineker បានចេញមុខគាំទ្រប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ឱ្យឈ្នះពានរង្វាន់បុគ្គលដ៏មហិមា Ballon d’Or បន្ទាប់ពីបង្ហាញទម្រង់លេង និងសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងកក្រើកទាំងក្នុងក្លិប Bayern Munich និងក្រុមជម្រើសជាតិ។ លោក Lineker ជឿជាក់ថា ខ្សែប្រយុទ្ធដ៏លេចធ្លោរូបនេះពិតជាសមនឹងទទួលបានពានរង្វាន់នេះជាងកីឡាករវ័យក្មេង Lamine Yamal នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
Kane បានចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អប្រសើរ ដោយរកបាន ៦ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៧ លើកឱ្យ Bayern Munich បន្ទាប់ពីរដូវកាលមុនលោកបានកត់ត្រាគ្រាប់បាល់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៦១ គ្រាប់ ឱ្យក្លិបយក្សអាល្លឺម៉ង់មួយនេះ និង ១២ គ្រាប់ ផ្សេងទៀតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
ថ្លែងនៅក្នុងសន្និសីទ Leaders Week នៅកីឡដ្ឋាន Stamford Bridge លោក Lineker បានសរសើរមិនដាច់ពីមាត់ចំពោះការលេងគ្រប់ជ្រុងជ្រោយ និងការជួយការពាររបស់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ អ្វីដែល Harry Kane បានធ្វើគឺពិតជាមិនគួរឱ្យជឿ។ គាត់ជាអ្នកបញ្ចប់ទីដ៏ប៉ិនប្រសប់ គាត់ប្រើជើងទាំងពីរស៊ុតបានយ៉ាងត្រឹមត្រូវ និងពូកែតែតបាល់ទៀតផង។ គាត់មិនមែនជាកីឡាករដែលចាំតែក្នុងប្រអប់គ្រោះថ្នាក់ដូចខ្ញុំកាលពីមុននោះទេ… អ្នកបានឃើញគាត់ហើយ កាលពីយប់មិញ គាត់ថែមទាំងបានរត់ចុះមកជួយការពារ និងបោសសម្អាតបាល់នៅតំបន់ការពារទៀតផង។ គាត់គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ មានភាពវៃឆ្លាតខ្ពស់ ជាមនុស្សល្អម្នាក់ ហើយមានអាជីពដ៏អស្ចារ្យ។
លោក Lineker បានបន្ថែមថា ពានរង្វាន់ Ballon d’Or លើកនេះគួរតែធ្លាក់ទៅលើ Kane គាត់ពិតជាសមនឹងទទួលបានវា ហើយពាននេះអាចនឹងធ្លាក់ទៅលើគាត់ ឬក៏ Lamine Yamal។ ដូច្នេះ ខ្ញុំសង្ឃឹមថា Kane នឹងឈ្នះពាន Ballon d’Or ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺសង្ឃឹមថាគាត់នឹងអាចឈ្នះពានរង្វាន់ណាមួយជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅថ្ងៃណាមួយ។
ពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី ៧០ នឹងប្រព្រឹត្តទៅនៅ ទីក្រុងឡុងដ៍ នាថ្ងៃទី ២៦ ខែតុលាខាងមុខនេះ ដែលជាការរៀបចំឡើងដើម្បីរំឭកដល់វីរបុរសបាល់ទាត់អង់គ្លេស Sir Stanley Matthews ដែលជាម្ចាស់ពានរង្វាន់នេះដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន Harry Kane នៅតែបន្តផ្តោតអារម្មណ៍យ៉ាងពេញទំហឹងលើភារកិច្ចរបស់ខ្លួនជាមួយ Bayern Munich ក្នុងការប្រជែងយកពានរង្វាន់ Bundesliga និង UEFA Champions League៕
ប្រែសម្រួល៖ គីរី
