បរទេស៖ វីរបុរសអ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Sir Alex Ferguson បានទម្លាយពីឱកាសដ៏ធំមួយដែលបានរបូតផុតដៃ និងអាចផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើបរបស់បិសាចក្រហមទាំងស្រុង តាមរយៈការរៀបរាប់លម្អិតអំពីជំនួបសម្ងាត់រវាងលោក និងលោក Pep Guardiola នៅទីក្រុងញូវយ៉ក កាលពីឆ្នាំ ២០១២ ពោលគឺប៉ុន្មានខែមុនពេលលោកសម្រេចចិត្តចូលនិវត្តន៍ពីកីឡដ្ឋាន Old Trafford នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងសៀវភៅថ្មីរបស់លោកដែលមានចំណងជើងថា «Games of My Life» អ្នកចាត់ការជើងចាស់សញ្ជាតិស្កុតឡេនរូបនេះ បានរំឭកឡើងវិញពីជំនួបអាហារពេលល្ងាចដ៏សំខាន់កាលពីឆ្នាំ ២០១២ នៅសហរដ្ឋអាមេរិក ពោលគឺមួយឆ្នាំមុនពេលលោកបញ្ចប់ការដឹកនាំរយៈពេល ២៧ ឆ្នាំនៅ Man Utd។ នៅពេលនោះ លោក Guardiola កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញកម្រិតកំពូលបន្ទាប់ពីបានដឹកនាំ Barcelona ឈ្នះពានរង្វាន់រហូតដល់ ៦ ក្នុងមួយរដូវកាល (Sextuple) កាលពីឆ្នាំ ២០០៩។ ប៉ុន្តែជាអកុសល គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានប្តេជ្ញាចិត្តស្ទើរតែទាំងស្រុងរួចទៅហើយក្នុងការផ្លាស់ទៅដឹកនាំក្លិប Bayern Munich។
លោក Ferguson បានសារភាពថា ប្រសិនបើជំនួបនោះកើតឡើងមុននេះបន្តិច ប្រវត្តិសាស្ត្របាល់ទាត់ប្រហែលជាត្រូវសរសេរឡើងវិញទាំងស្រុង។ លោកបានបញ្ជាក់ថា កាលជួបគ្នានៅញូវយ៉កនោះ ផែនការចូលនិវត្តន៍ផ្ទាល់ខ្លួនរបស់លោកមិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខ្ញុំតែងតែឆ្ងល់ថា តើមានអ្វីនឹងកើតឡើង ប្រសិនបើអាហារពេលល្ងាចជាមួយ Pep នៅញូវយ៉កក្នុងឆ្នាំ ២០១២ បានកើតឡើងមុននោះពីរបីខែ។ នៅពេលនោះ ខ្ញុំមិនទាន់បានសម្រេចចិត្តច្បាស់លាស់ថាត្រូវចូលនិវត្តន៍នៅឡើយទេ។ ចំណែក Pep វិញ គាត់បានជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេងក្នុងរយៈពេល ៤ ឆ្នាំនៅ La Liga ទាំងការឈ្នះពាន ៣ (Treble) និងពាន ២ ក្នុងស្រុកនិងទ្វីបអឺរ៉ុប គាត់ចង់សាកល្បងជីវិតនៅ Bundesliga ជាមួយ Bayern Munich។
លោក Ferguson បានសរសេរបន្ថែមបែបកំប្លែងលាយឡំការសោកស្តាយថា ប្រសិនបើខ្ញុំអាចបង្វិលពេលវេលាថយក្រោយបាន យើងប្រហែលជាបានញ៉ាំអាហារជាមួយគ្នាមុននោះពីរបីខែ ខ្ញុំនឹងចាក់ស្រាអ៊ីតាលី Tignanello ឱ្យគាត់យ៉ាងច្រើន ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូលគាត់ថា អនាគតរបស់គាត់គឺនៅ Manchester។ ប៉ុន្តែជាអកុសលសម្រាប់ពួកយើង អនាគតរបស់គាត់ពិតជាបានមកដល់ Manchester មែន [ប៉ុន្តែគឺនៅក្លិបគូប្រជែង Manchester City ទៅវិញ។
លោក Ferguson សម្រេចចិត្តចាកចេញពីកៅអីដឹកនាំ Old Trafford ជាផ្លូវការ បន្ទាប់ពីប្អូនថ្លៃស្រីរបស់លោកបានទទួលមរណភាពក្នុងខែធ្នូ ឆ្នាំ ២០១២។ ក្រោយមក លោក David Moyes ត្រូវបានតែងតាំងជាអ្នកស្នងតំណែងក្នុងខែកក្កដា ឆ្នាំ ២០១៣ ប៉ុន្តែកាន់តំណែងបានត្រឹមតែ ១០ ខែប៉ុណ្ណោះ។ ផ្ទុយទៅវិញ Pep Guardiola បានបន្តឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅប្រទេសអាល្លឺម៉ង់ មុនពេលមកគ្រងភាពលេចធ្លោនៅបាល់ទាត់អង់គ្លេសជាមួយ Manchester City។
លោក Ferguson បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទស្សនវិស័យ និងសមត្ថភាពរបស់ Guardiola ដោយលើកឡើងថា Pep បានបង្កើត «ស្តង់ដារដ៏អស្ចារ្យមិនគួរឱ្យជឿ» សម្រាប់កីឡាករជំនាន់ក្រោយ និងអ្នកដែលមានបំណងចង់ក្លាយជាអ្នកចាត់ការ។ លោកបានគូសបញ្ជាក់ថា Pep ជាអតីតខ្សែបម្រើប្រកបដោយភាពច្នៃប្រឌិត និងមានឱកាសរៀនសូត្រពីគ្រូបង្វឹកកំពូលៗជាច្រើនដូចជា Johan Cruyff, Sir Bobby Robson និង Louis van Gaal។
ជាចុងក្រោយ លោក Ferguson ក៏បានលើកឡើងជាការដាស់តឿនដល់អតីតកីឡាករល្បីៗដទៃទៀត ដែលតែងតែប្រញាប់ប្រញាល់ទទួលយកតំណែងជាអ្នកចាត់ការភ្លាមៗក្រោយចូលនិវត្តន៍ ដោយគ្មានបទពិសោធគ្រប់គ្រាន់ ដែលជារឿយៗតែងតែបញ្ចប់ទៅដោយបរាជ័យក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ ខណៈដែល Pep Guardiola គឺជាករណីដ៏កម្រ និងជោគជ័យបំផុត ដែលបានចាប់ផ្តើមដឹកនាំក្លិបកំពូលតាំងពីវ័យក្មេងត្រឹម ៣៧ ឆ្នាំ។
ប្រែសម្រួល៖ គីរី
