ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់សកល ប្រសិទ្ធិនាមថា ” Ultimate Boxing Championship“ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា នាថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១នេះ អ្នកលេងកណ្ដាប់ដៃដែក ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ចំនួន៤រូប នឹងប្រជែងគ្នាដណ្ដើម យកលុយប្រាក់លាន ។
អ្នកប្រដាល់ម៉ាងព្រហ្មម៉ាញ ដែលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងទូច ដេវីដមកពីក្រុមជម្រើសជាតិដូចគ្នា ។ អ្នកប្រដាល់ ព្រហ្មម៉ាញមានកម្ពស់១,៧២ម៉ែត្រ នោះគេមានប្រវត្តិប្រកួត ចំនួន១១ដង ឈ្នះ១០ដង និងចាញ់តែម្ដងប៉ុណ្ណោះ ចំពោះអ្នកប្រដាល់ ទូច ដេវីដ វិញគេមានកម្ពស់១,៧០ម៉ែត្រ និង មានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២៧ដងនិងចាញ់៥ដង ។
ជំនួបរវាងអ្នកលេងកណ្ដាប់ដៃទាំង២ រូបនេះ ពិតជាធ្វើឲ្យរញ្ជួយសង្វៀន ហើយព្រោះព្រហ្មម៉ាញ គេជាអតីតអ្នកប្រដាល់កុនខ្មែរ ដែលមានឈ្មោះបោះ សម្លេងមួយរូប រីឯដេវីដវិញ គេជាអ្នកប្រដាល់ប្រឡូក ក្នុងអាជីពប្រដាល់សាកលតាំង ពីដំបូងមកម្ល៉ះ។
ប្រកួតក្នុងតំណែង ដណ្ដើមប្រាក់លាននេះ អ្នកប្រដាល់ វី សុភ័ស ក្លិបប្រដាល់ជម្រើសជាតិ ប្រកួតជាមួយអ្នកប្រដាល់ សែត សារឹត មកពីសមាគម ប្រដាល់ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ សុភ័ស ទើបតែយកឈ្នះ សិស្សច្បង់របស់គេ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធកាលពី២ សប្ដាហ៍មុនដោយពិន្ទុ ហើយពេលនេះគេមានគូ ប្រកួតថ្មីមួយរូបទៀត ដែលពុំធ្លាប់បានជួបគ្នា ពីមុនមកឡើយ ។
សុភ័សគេមាន កម្ពស់១,៧៣ម៉ែត្រ និងមានប្រវត្តិប្រកួត ចំនួន៣៧ដងឈ្នះ៣៤ដង ចាញ់៣ដង និងស្មើ១ដង ។ រីឯសែត សារិទ្ធ វិញគេមាន កម្ពស់១,៧០ម៉ែត្រ នោះ គេមានប្រវត្តិប្រកួត ចំនួន២៥ដងឈ្នះ១៧ដងចាញ់៥ដងនិងស្មើពិន្ទុ៣ដង ។ សុទ្ធតែជាអ្នកប្រដាល់ ដែលមានប្រវត្តិប្រកួតដ៏អស្ចារ្យ ដូចគ្នាបែបនេះទំនងជាលំបាក់ សម្រាប់ចៅក្រមកាត់ក្ដី ហើយមើលទៅ ព្រោះសម្រាប់អ្នកប្រដាល់តាំង២រូបនេះ ទំនងជាគ្មានអ្នកសន្លប់នោះទេ ។
ចំពោះការប្រកួតក្នុងតំណែង គូពិសេសវិញនោះអ្នកប្រដាល់ អំ ខេម ក្រុមជម្រើសជាតិ ប្រកួតជាមួយអ្នកប្រដាល់ ថា រ៉ាវី មកពីសមាគមប្រដាល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ អ្នកប្រដាល់ ឌុន សំណាង មកពីក្លិបអបប់រំកាយខេត្តកំពត ប្រកួតជាមួយអ្នកប្រដាល់ញឹក ឈៀងមកពីសមាគម ប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
អ្នកប្រដាល់ លី វិបុលចំរើន ក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួត ជាមួយអ្នកប្រដាល់ឆន ឈៀងរ៉ាក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងអ្នកប្រដាល់ លី វិបុលប៊ុនហួរ មកពីក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួតអ្នកប្រដាល់ សយ ស៊ីថេង ក្លិបឃ្លាំងមឿងកីឡា
ខេត្តពោធិ៍សាត់ ក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម ៕