ភ្នំពេញ៖ កីឡាការិនី ពៅ សុខា ជាកីឡាការិនី របស់មជ្ឈមណ្ឌលកីឡាកងយោធពល ខេមរភូមិន្ទនៃ ក្រសួងការពារជាតិ នឹងជាកីឡាការិនី ជម្រើសជាតិកម្ពុជា ប្រភេទកីឡាវ៉ូវីណាមត្រូវបាន ទូតសុឆន្ទៈកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជាអញ្ជើញចួលរួម “កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាន” និងការផ្តល់កិត្តិយស ដល់ម្ចាស់មេដាយអូឡាំពិក និងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០។

កីឡាការិនី វ៉ូវីណាម ត្រូវបានលេខាធិការដ្ឋានអាស៊ាន អញ្ជើញចួលរួម “កម្មវិធីជជែកពិភាក្សា ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាន និងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិក និងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០ នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តាមរយៈសន្និសីទវីដេអូ ក្នុងនាមជាទូតសុឆន្ទៈកីឡាស្ត្រីអាស៊ាន របស់ប្រទេសកម្ពុជា រួមជាមួយនិងទូតសុឆន្ទៈកីឡាស្ត្រីអាស៊ាន មកពីប្រទេស៩ផ្សេងទៀតផងដែរ។
កីឡាការិនី ពៅ សុខា បានប្រាប់ឲ្យដឹងថា ខ្ញុំបានក្លាយជាទូតសុឆន្ទៈកីឡាស្ត្រីអាស៊ាន របស់ប្រទេសកម្ពុជា តំណាងឲ្យចូលរួមកម្មពីធីលើកកម្ពស់ ការចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាន និងតំណាងឲ្យប្រទេសកម្ពុជា ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ព្រោះខ្ញុំអត់រំពឹងទុកថា ខ្ញុំបានក្លាយជា ទូតសុឆន្ទៈកីឡាស្ត្រីអាស៊ាន តំណាងឲ្យកម្ពុជាទេ ដោយសារមានបក្ខនារី ចូលរួមមិនមានម្នាក់ គឺមានច្រើននាក់ ហើយក៏មិនមានតែ កីឡាវ៉ូវីណាដេរ គឺមានកីឡាជាច្រើនប្រភេទ។
កីឡាការិនីរូបនេះបានបន្តថា ជាការពិតនៅក្នុងកម្មវិធី គឺគេតម្រូវឲ្យយើងនិយាយពីការជំរុញ និងលើកចិត្តបំផុសឲ្យស្តី្រ ឬយុវនារីចូលរួមសកម្មភាពកីឡា មិនថាកីឡាប្រភេទណាក៏ដោយ ជាក់ស្តែងខ្ញុំជាកីឡាវ៉ូវីណាមផ្ទាល់ជាប្រភេទយុទ្ធចម្រុះ ដូច្នេះខ្ញុំបាននិយាយពីអត្ថប្រយោជន៍ និងគុណសម្បតិ្ត កីឡាវ៉ូវីណាមកម្មពិធី ខាងលើកដើម្បីអូសទាញដូចជា ជំរុញទឹកចិត្តឲ្យពួកគាត់ហ្វឹកហាត់ កីឡាប្រភេទក្បាច់គុន។
ទូតសុឆន្ទៈកីឡាស្ត្រីអាស៊ាន របស់ប្រទេសកម្ពុជា បានបន្ថែមទៀតថា អ្វីដែលសំខាន់មួយទៀត គឺយើងទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ពីបណ្តាប្រទេសដទៃទៀត ព្រោះកម្មពីធីនេះក៏មានកីឡាការិនី មកពី៩ប្រទេសដែរ ដោយនិយាយពីប្រភេទកីឡារបស់ពួកគេ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹម និងរំពឹងទទួលបានបទពិសោធន៍ថ្មីជាច្រើនទៀតនៅកម្មពិធីនេះ។

ជាទីបញ្ចប់កីឡាការិនី ពៅ សុខា សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកកីឡាទំាងអស់ និងប្រធានសហព័ន្ធកីឡាវ៉ូវីណាម ព្រមទំាងសមាជិកសហព័ន្ធ លោកគ្រូអ្នកគ្រូដែលមានទំនុកចិត្តលើរូបនាងខ្ញុំសម្រាប់ការចូលរួម កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាន៕ដោយ៖លី ភីលីព






