យោងតាមការចេញផ្សាយ របស់កាសែត AS នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Al Sadd បានដាក់ការទាមទារ ឲ្យប្រធានក្លឹប Barcelona លោក Joan Laporta ក្នុងការធ្វើដំណើរមកដល់ប្រទេសកាតាតែម្តង ប្រសិនបើគាត់ពិតជាចង់បាន គ្រូបង្វឹកលោក Xavi ត្រឡប់ទៅធ្វើការជាគ្រូបង្វឹក របស់ Barcelona នោះ។
អតីតកីឡាករខ្សែបម្រើប្រយុទ្ធដ៏ឆ្នើម របស់ Barcelona លោក Xavi បានក្លាយទៅជាបេក្ខភាព គោលដៅតែម្នាក់គត់នៅពេលនេះ ដើម្បីអាចមកជំនួសតំណែង របស់លោក Ronald Koeman ដែលទើបតែត្រូវបានបណ្តេញចេញ នាពេលកន្លងមកប៉ុន្តែក្លឹបកាតា Al Sadd ហាក់ដូចជាមិនសូវមានបំណង ក្នុងការអនុញ្ញាតិ ឲ្យបុរសជនជាតិអេស្បាញរូបនេះ ក្នុងការចាកចេញនោះទេ។
ក្លឹបនៃប្រទេសកាតាមួយនេះ បានបញ្ជាក់ប្រាប់ទៅកាន់លោក Laporta ថាលោកដាច់ខាតត្រូវតែធ្វើដំណើរ មកដល់ទីក្រុងដូហាជាមុនសិន ដើម្បីអាចធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាចរចានេះ។
គួរឲ្យដឹងដែរថាលោក Xavi នៅទីនេះក្នុងប្រទេសកាតា បានកសាងកេរ្ត៍ឈ្មោះ និងទំរង់លេងយ៉ាងអស្ចារ្យជូនក្លឹប Al Sadd ហើយក៏បានជួយឲ្យក្លឹបអាច លើកពានរង្វាន់ជាច្រើនរួចមកហើយ ក្នុងអាជីពដំបូងរបស់គាត់ជាគ្រូបង្វឹក៕ ប្រែសម្រួល៖ស៊ុនលី